ខេត្តកំពង់ស្ពឺ ៖ បុរសជាឪពុកចុងចិត្តឃោឃៅ គំរាមចាប់រំលោភកូនចុងច្រើនលើកច្រើនសារ ដោយទ្រាំនឹងទង្វើររបស់ឪពុកចុងលែងបាន ក៏ដាច់ចិត្តប្រាប់បុរសម្នាក់ ជាប្រជាការពារភូមិ ប្តឹងបន្តអោយនគរបាលឃាត់ខ្លួនតែម្តងទៅ។ ការឃាត់ខ្លួនបុរសជាឪពុកចុងនេះ ធ្វើឡើងកាលពីវេលាម៉ោង ០៤និង៤០នាទីរសៀល ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិរំដួលថ្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

បើតាមសម្តីរបស់មន្ត្រីនគរបាលស្រុកភ្នំស្រួច បាននិយាយអោយដឹងថា នៅមុនពេលឃាត់ខ្លួនបុរស ជាឪពុកចុងចិត្តឃោឃៅនេះ ប្អូនស្រី (សុំមិនបញ្ចេញឈ្មោះ) ភេទស្រី អាយុ១៧ឆ្នាំ (ជាកូនចុង) ជាសិស្ស មានទីលំនៅភូមិរំដួលថ្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ដោយទ្រាំនឹងការគំរាមធ្វើបាប ថែមទាំងចាប់រណលោភច្រើនលើកច្រើនសារ មកហើយនោះរូបនាងមិនបានតទៀត នាងក៏រត់ទៅប្រាប់បុរសម្នាក់មាន ឈ្មោះ អ៊ុ វ៉ុន អាយុ ៥៩ឆ្នាំ មានទីលំនៅភូមិរំដួលថ្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច និងជាប្រជាការពារភូមិថែមទៀតផង និយាយរៀបរាប់ពីដំណើររឿង ពីដើមដល់ចប់ ពីការគំរាមចាប់រំលោភ ពីសំណាក់ឪពុកចុងរបស់នាង មានឈ្មោះ សុខ ធីម ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរំដួលថ្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច (ត្រូវជាឪពុកចុង) បានចាប់រំលោភសេពសន្ថវៈ មកលើរូបនាងជាច្រើនដង រាប់ឆ្នាំមកហើយ។

នគរបាលដដែលបានបន្តថា ពេលបានស្តាប់ការរៀបរាប់របស់ក្មេងស្រីរងគ្រោះរួចរាល់ហើយ ឈ្មោះ អ៊ុ វ៉ុន លឺដូច្នេះ ក៏បានរាយការណ៌ជូនទៅសមត្ថកិច្ចឃុំ និងស្រុក ហើយនគរបាលក៏បានធ្វើការឃាត់ខ្លួនឪពុកចុងចិត្តឃោឃៅខាងលើ យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកធ្វើការសួរនាំសិន។
បច្ចុប្បន្នបុរសជាឪពុកចុង ត្រូវបានកសាងសំណុំរឿង បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ អ៊ុ ណូន






