ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យ ឯកឧត្តម លុច្ស តារា អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ចូលជួបសំដែងការគួរសម និងជម្រាបលា មុនពេលឯកឧត្តមចេញទៅបំពេញបេសកកម្ម នៅលេខាធិការដ្ឋានអាស៊ាន ដែលមានមូលដ្ឋាននៅទីក្រុងហ្សាការតា សាធារណ រដ្ឋឥណ្ឌូណេស៊ី នាពេលខាងមុខ។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានសំដែងនូវការអបអរសាទរចំពោះ ឯកឧត្តម លុច្ស តារា ដែលទទួលបានការតែងតាំងជានាយកខុទ្ទកាល័យ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ហើយក៏ជាមុខមាត់មួយសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាមោទនភាពសម្រាប់ក្រសួង ដែលមានមន្ត្រីរបស់ខ្លួនទៅបម្រើការនៅលេខាធិការដ្ឋានអាស៊ាន។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យឯកឧត្តម លុច្ស តារា ខិតខំប្រឹងប្រែងបំពេញភារកិច្ចឱ្យបានល្អ ដើម្បីលើកកម្ពស់កិត្យានុភាពអាស៊ានទាំងមូលឱ្យកាន់តែខ្ពស់ត្រដែត នៅក្នុងឆាកតំបន់ និងអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំឱ្យជួយជម្រុញគម្រោងនានា ដែលអាចនាំផលប្រយោជន៍ជូនប្រទេសជាតិ ជាពិសេសពាក់ព័ន្ធនឹងវិស័យការងារ និងទេសន្តរប្រវេសន៍។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានផ្តាំផ្ញើការសួរ សុខទុក្ខដល់ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងផ្តាំជូនពរឯកឧត្តម ទទួលបានជោគជ័យក្នុងការបំពេញភារកិច្ចដ៏ឧត្តុងឧត្តមនេះ៕






