(ខេត្តបន្ទាយមានជ័យ,ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២)៖ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុមការងារខេត្ត ក្រុមការងារក្រុងបានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងយកអំណោយប្រគល់ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ចំនួន៤០គ្រួសារ ក្នុងនោះមាន៖ ភូមិចកចំនួន១១គ្រួសារ ភូមិ១ចំនួន២គ្រួសារ ភូមិព្រះពន្លាចំនួន១៧គ្រួសារ ភូមព្រៃឬស្សីចំនួន២គ្រួសារ ភូមិ៣ចំនួន៦គ្រួសារ និងភូមិ៤ចំនួន២គ្រួសារ ស្ថិតនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ថ្លែងនាឱកាសនោះ ឯកឧត្តមកែ គឹមយ៉ាន បានសំដែងនូវការចូលរួមសោកស្តាយចំពោះការខូចខាតផ្ទះសំបែងប្រជាពលរដ្ឋដោយសារគ្រោះធម្មជាតិ ដែលបានកើតមានកន្លងមក ដែលបង្កឲ្យលំនៅឋាន របស់បងប្អូនប្រជាពលរដ្ឋចំនួន៤០គ្រួសារបានរងការខូចខាត ។
ឯកឧត្តម បានបញ្ជាក់ថា ដើម្បីជួយសម្រាលនូវទុក្ខលំបាក របស់បងប្អូន ឯកឧត្តម ជួយឧបត្ថម្ភជាស្បៀងអាហារដោយក្នុង១គ្រួសារ ទទួលបានមានអង្ករ២៥គ.ក្រ,ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ,ត្រីខ១យួរ,មី១កេស,ទឹកសុទ្ធ១កេស ។
អំណោយទាំងអស់នេះ បើទោះជាមានចំនួនតិចតួចក៏ពិតមែន តែវាអាចជួយសម្រួលផ្នែកជីវភាពដល់បងប្អូនបានមួយគ្រានោះផងដែរ។ជាមួយគ្នានោះឯកឧត្តម ក៏បានណែនាំដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយដោយធម្មជាតិ ដូចជាផ្គររន្ទះ និងខ្សល់កន្ត្រាក់ជាដើម ៕
ដោយ៖ណុប រក្សា(កែសម្រួលដោយ មណ្ឌល កែវ)






