ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាមួយក្រុមការងារយុវជន ខ១១ និងសមាគមយុវជនខ្មែរមហានគរ នៃបណ្តុំអង្គការសង្គមស៊ីវិល ដឹកនាំដោយ លោក ហេង សំណាង បានប្រគេនកូនឈើចំនួន៧០ដើម ដល់ ព្រះខេម៉ាភិរត័ ឈឿន ភន់ ព្រះគ្រូចៅអធិការ ព្រមទាំង គណៈសង្ឃ ព្រះសង្ឃ វត្តមហាមន្រ្តី នៅក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីយកទៅដាំក្នុងវត្តអារាមនិងបណ្តុះស្មារតី«ពន្លកបៃតង» របស់ប្រជាពលរដ្ឋឱ្យស្រឡាញ់ដើមឈើ ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ដែលមានប្រយោជន៍សម្រាប់មនុស្សជាតិ។ ព្រះខេម៉ាភិរត័ ឈឿន ភន់ ព្រះគ្រូចៅអធិការវត្តមហាមន្រ្តី នៅក្នុងរាជថានីភ្នំពេញ មានសង្ឃដីកាថា ដើមឈើគឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងដើមឈើនឹងជីវិត ដែលក្នុងនោះ ទាក់ទងនឹងការប្រសូត ត្រាស់ដឹង និងយាងចូលព្រះនិព្វាន របស់ព្រះពុទ្ធនៅក្រោមដើមឈើ។
ដើមឈើជាធម្មជាតិផ្តល់ប្រយោជន៍សន្ធឹកសន្ធាប់ដល់មនុស្សពិតៗ ដល់មនុស្ស និង សត្វទាំងឡាយ។ ព្រះគ្រូចៅអធិការ បានផ្តល់ឱវាទជំរុញឱ្យមានការចូលរួមដាំដុះ ថែទាំការពារ ដើម្បីជាប្រយោជន៍ដល់មនុស្សផងគ្នា និងសត្វ លោកទាំងឡាយ។ ក្នុងឱកាសនោះ លោក ហេង សំណាង ប្រធានក្រុមយុវជនខ១១ និងជាប្រធានសមាគមយុវជនខ្មែរមហានគរ នៃបណ្តុំអង្គការសង្គមស៊ីវិល បានថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលបានជំរុញនិងបណ្តុះគំនិតឱ្យប្រជាពលរដ្ឋដាំដើមឈើ ការពារថែរក្សាដើមឈើ ព្រៃឈើ សម្រាប់ប្រយោជន៍របស់មនុស្សជាតិ ជាពិសេសដាំដើឈើនៅតាមមូលដ្ឋាន ជួយលើកកម្ពស់សោភ័ណភាព ភាពស្អាត បៃតងនៅតាមមូលដ្ឋាននិងទីសាធារណៈទាំងឡាយ។
ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើងថា «ការចូលរួមចូលរួមដាំដើមឈើ មិនត្រឹមតែបង្កើនភាពបៃតង បង្កើនគម្របព្រៃឈើ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ លើសពីនេះ ដើមឈើដែលយើងចូលរួមដាំនៅពេលនេះ នឹងក្លាយជាគម្របបៃតង មានព្រៃឈើ មានម្លប់ ផ្តល់ខ្យល់អាកាសល្អ កាត់បន្ថយកម្តៅ លើកកម្ពស់សោភ័ណភាព នៅតាមទីសាធារណៈ ជាពេសេសតាមសាលារៀន និងវត្តអារាម។ ឯកឧត្តមបានបញ្ជាក់ដែរថា កេរដំណែលធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយរបស់បងប្អូន ហើយក៏ជាផ្នែកមួយនៃការទាក់ទាញភ្ញៀវទេសចរនាអនាគតផងដែរ»។
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានបន្ថែមថា យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានផ្តោតលើសរសរស្តម ៣គឺស្អាត បៃតង និងចីរភាព ដោយជំរុញសម្រេចគោលដៅ នៃយុទ្ធសាស្រ្តបញ្ចកោណគឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០»។
ក្រសួងបរិស្ថានក្រោមការចង្អុលបង្ហាញពីប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញយុទ្ធនាការ ការពង្រីកចលនាដាំដើមឈើ ក្នុងនោះការផ្តល់កូនឈើដល់សាធារណជន យ៉ាងតិចចំនួន១លានដើមក្នុងមួយឆ្នាំ ហើយក្នុងនោះ កាលពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខទីស្តីការក្រសួងបរិស្ថាន និងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ពិព័រណ៍ផ្សព្វផ្សាយនិចែកកូនឈើ »ពន្លកបៃតង» បានចែកកូនឈើចំនួន១លាន ៣សែនដើម ជូនសាធារណជន យកទៅដាំតាមទីសារធារណៈ សាលារៀន វត្តអារាម ក្នុងព្រៃរេចរឹលនៃតំបន់ការពារធម្មជាតិ និង ការបង្កើនការដាំដើមឈើក្នុងសហគមន៍។
លើសពីនេះ ក្រសួង បរិស្ថានបានជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ រួមមានការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ តាមរយៈការអនុវត្តច្បាប់ ១០០%ចំពោះជនល្មើសធនធានធម្មជាតិ សហការជាមួយបញ្ជាការកងឯកភាពក្រុង-ស្រុក រាជធានី-ខេត្ត គ្រប់គ្រងធនធានធម្មជាតិ និងផ្តល់ផែនទីផ្កាយរណប សម្រាប់ប្រតិបត្តិការបង្រ្កាបបទល្មើសធនធានធម្មជាតិនិងបរិស្ថាន រួមទាំងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈបង្កើនសន្តិសុខស្បៀង អាហារូបត្ថម្ភ និងការរស់នៅស្អាតរបស់ប្រជាសហគម ការបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់ថាមពលស្អាត តាមរយៈការបង្កើនប្រាក់ចំណូលពីទេសចរណ៍ធម្មជាតិនិងវប្បធម៌ និងការពង្រឹងការអភិរក្ស និងការគ្រប់គ្រងធនធានធម្មជាតិ និងវប្បធម៌ និងប្រពៃណីទំនៀមទម្លាប់ របស់ប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិ៕






