ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានបង្ហាញការគាំទ្រគម្រោង R.I.S.E នៃមូលនិធិធនាគារមេយប៊ែង ក្នុងការជួយជនមានពិការភាព និងក្រុមងាយរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងឱកាសអនុញ្ញាតឱ្យលោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងជានាយកប្រចាំប្រទេសនៃ ធនាគារ មេយប៊ែង និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ២០២៤។
លោកស្រី ហ្កាសរីន ចានអាប់ឌុលឡា នាយិកានាយក ដ្ឋានគ្រប់គ្រងប្រតិបត្តិការធនាគារមេយប៊ែង បានលើក ឡើងអំពីវឌ្ឍនភាពរបស់គម្រោង R.I.S.E ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមីន និងមូលនិធិធនាគារមេយប៊ែង កាលពីខែធ្នូ ឆ្នាំ ២០២៣។ គម្រោង R.I.S.E បានផ្តល់នូវវគ្គបណ្តុះបណ្តាលចំនួន ៥ ដោយជោគជ័យ ជូនដល់ជនមានពិការភាព និងក្រុមងាយរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ចំនួន ១៩៤នាក់ ដោយផ្តោតសំខាន់លើជំនាញសហគ្រិន ការលក់ប្រកបដោយភាពឆ្នៃប្រឌិត និងអនុវត្តការគ្រប់គ្រងអាជីវកម្មប្រកបដោយប្រសិទ្ធភាព។
មូលនិធិធនាគារមេយប៊ែង មានផែនការរៀបចំគម្រោង R.I.S.E សម្រាប់ឆ្នាំ២០២៤ ដែលគ្រោងនឹងចាប់ផ្តើមក្នុងខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខ ដោយផ្តោតលើក្រុមគោលដៅចំនួន ១០០០ នាក់ ស្ថិតក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដើម្បីបង្កើនការយល់ដឹងអំពីសារៈសំ ខាន់នៃកម្មវិធី និងផលប៉ះពាល់នៅតាមសហគមន៍។
ទន្ទឹមនឹងនោះ តំណាងធនាគារមេយប៊ែង បានស្នើសុំឱ្យមានកិច្ចសហការពីខាងអាជ្ញាធរមីន ដើម្បីឱ្យដំណើរការអនុវត្តគម្រោង R.I.S.E ឆ្នាំ២០២៤ ឱ្យទទួលបានជោគជ័យ។
ឯកឧត្តមបណ្ឌិត លី ធុជ មានប្រសាសន៍ថា ធនាគារមេយប៊ែង បានចូលរួមចំណែក ក្នុងសកម្មភាពមីនមនុស្សធម៌តាមរយៈគម្រោង R.I.S.E នឹងចូលរួមជួយលើកកម្ពស់ការយល់ដឹងលើជំនាញសហគ្រិនដល់ជនមានពិការភាព និងសហគមន៍ងាយរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក៏ដូចជាបង្កើតនូវឱកាសយ៉ាងល្អសម្រាប់សិក្ខាកាម និងដៃគូក្នុងការកសាងនូវបណ្តាញ និងសហគមន៍គាំទ្រ ក្នុងគោលដៅពង្រឹង និងពង្រីកសកម្មភាពសេដ្ឋកិច្ច-សង្គម។ ឯកឧត្តមបណ្ឌិត លី ធុជ បានណែនាំឱ្យតំណាងមូលនិធិធនាគារមេយប៊ែង បន្តសហការយ៉ាងជិតស្និទ្ធ និងធ្វើការជាមួយក្រុមការងារបច្ចេកទេសអាជ្ញាធរមីន ដើម្បីគាំទ្រផែនការដែលបានស្នើឡើងសម្រាប់ឆ្នាំ២០២៤ បង្កើនប្រសិទ្ធភាព និងនិរន្តរភាពនៃការអនុវត្តគម្រោង R.I.S.E នៅកម្ពុជា ឱ្យទទួលបានជោគជ័យ៕






