ផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានពន្ធ នាគារ បានរៀបចំឡើងដោយផ្អែលើមូលដ្ឋានសំខាន់ៗ ដូចជាយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្របខណ្ឌគោលនយោបាយកំណែទម្រង់ពន្ធនាគារ ផែនការយុទ្ធ សាស្ត្រ ២០១៩-២០២៣ របស់អគ្គនាយកដ្ឋានពន្ធនាគារ និងអនុសាសន៍ណែនាំរបស់សម្ដេចក្រឡាហោម។
ផែនការសកម្មភាពឆ្នាំ២០២០នេះ គឺជាផែនការសកម្មភាពឆ្នាំទី២ នៃការអនុវត្តផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់អគ្គនាយកដ្ឋានពន្ធនាគារ ក្នុងគោលបំណងលើកកម្ពស់ការគ្រប់គ្រងជនជាប់ឃុំតាមជំនាញវិជ្ជាជីវៈ ធានាបានសន្តិសុខ សុវត្ថិភាព សុខភាព និងសមធម៌ ព្រមទាំងផ្ដល់កម្មវិធីអប់រំកែប្រែ ស្ដារនីតិសម្បទា បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសមហរណកម្ម។
អគ្គនាយកដ្ឋានពន្ធនាគារក៏បានបង្ហាញការកត់សម្គាល់នូវចំណុចគ្លឹះ២ ដែលធានាឱ្យការអនុវត្តផែនការសកម្មភាពនេះសម្រេចបានតាមការគ្រោងទុក ទី១ គឺការងារហេដ្ឋារចនា សម្ព័ន្ធ ដែលជាដើមចមនៃការកើតមានភាពចង្អៀតណែនក្នុងពន្ធនាគារ ជះឥទ្ធិពលអវិជ្ជមានលើការការពារសន្តិសុខ សុវត្ថិភាពពន្ធនាគារ ការងាររៀបចំឃុំឃាំង ការអប់រំកែប្រែ ស្ដារនីតិសម្បទា និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងទី២ គឺស្ថានភាពក្របខណ្ឌមន្ត្រីពន្ធនាគារ ដែលចំនួនក្របខណ្ឌមន្រ្តីនៅមិនទាន់សមាមាត្រនឹងចំនួនអ្នកជាប់ឃុំ៕






