ភ្នំពេញ ៖ សេចក្តីស្នើច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាល ត្រូវបានកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក្រោម អធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា លើកយកពិនិត្យ និងអនុម័តប្រគល់ជូនគណៈកម្មការទី២ គឺគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម សហការជាមួយគណៈកម្មការទី៤ គឺគណៈកម្មការមហាផ្ទៃ ការពារជាតិ នៃរដ្ឋសភា ធ្វើការសិក្សាស្រាវជ្រាវ និងធ្វើរបាយការណ៍ជូនគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាវិញ ដើម្បីរៀបចំដាក់ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភាអនុម័ត ដើម្បីទុកជាច្បាប់សម្រាប់គ្រប់គ្រងល្បែងស៊ីសងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាអ្នកនាំពាក្យរដ្ឋសភា បាន បញ្ជាក់ជូនក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា ព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ នេះថា សេចក្តីសម្រេចរបស់សម្តេច នាយករដ្ឋមន្ត្រី បានប្រកាសហើយថា កន្លែងល្បែងស៊ីសងកាស៊ីណូនៅក្នុងទី ក្រុងភ្នំពេញមិនអនុញ្ញាតទេ គឺអនុញ្ញាតឱ្យមានតែនៅក្រៅចម្ងាយ២០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។
ប៉ុន្តែដូចករណី កាស៊ីណូណាហ្គានៅកើតមាននៅក្នុងក្រុងភ្នំពេញ ដោយសារតែកន្លងមកយើងមិនទាន់មាន ច្បាប់គ្រប់គ្រងល្បែងពាណិជ្ជកម្មផង ជាពិសេសដោយសារតែពីជំនាន់មុនប្រទេស យើងមិនទាន់រៀបរយ កង្វល់តែពីរឿងគណបក្សនេះ គណបក្សនោះ ដូចយើងដឹងស្រាប់ហើយ អីចឹងហើយបានជាការធ្វើកុងត្រាអីទៅ ក៏វាពុំសូវបានល្អ ពេលឡើងក្តីទៅយើងចាញ់គេ ហេតុដូច្នេះហើយបានជាយើងទុកទីកន្លែង កាស៊ីណូណាហ្គានេះ ឱ្យគេនៅធ្វើអាជីវកម្មនៅ កន្លែងហ្នឹងដដែលទៅ។
ឯកឧត្តមសង្ឃឹមថា នាពេលខាងមុខនៅពេលច្បាប់នេះក្លាយ ជាច្បាប់ធរមានទៅ បនល្បែង កន្លែងលេងល្បែងនៅកម្ពុជានឹងរៀបរយល្អ៕
សំអាង





