កំពង់ស្ពឺ ៖ យ៉ាងហោសណាស់ក៏មានបុរសវ័យចំណាស់ចំនួន០២នាក់ បានស្លាប់ភ្លាមៗ បន្ទាប់ពីទៅលេងតំបន់ទេសចរណ៍ ជ្រាវ ហើយស្រាប់តែមេឃធ្លាក់ភ្លៀងពីលើភ្នំបណ្តាលអោយមានទឹកហូរកួចធ្លាក់ពីលើភ្នំយ៉ាងគំហុក (ដូចទឹកបាក់ទំនប់)បណ្តាលអោយបោកជាមួយថ្មរលង់ទឹកស្លាប់ទាំង០២នាក់តែម្តង។
ហេតុការណ៍លង់ទឹកស្ទឹងស្លាប់នេះបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៣និង៣០នាទី រសៀលថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០១៨ នៅស្ទឹងក្រាំងពន្លៃ ចំណុចដើមជ្រៃធំ ស្ថិតនៅក្នុងភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
បើតាមសម្តីរបស់លោក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពងបាននិយាយអោយដឹងថា ជនរងគ្រោះដែលលង់ទឹកស្លាប់ចំនួន០២នាក់នេះ ទី០១ មានឈ្មោះមុំ សេង ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិសាលាលេខ៥ ឃុំសាលាលេខ៥ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងជនរងគ្រោះម្នាក់ទៀតមានឈ្មោះ គឺម ផាន់ ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិថ្នលឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺនិង ជាម្ចាស់ចម្ការផងដែរ។
លោក អធិការស្រុកបានបន្តទៀតថា នៅមុនពេលកើតហេតុ ក្រុមគ្រួសារជនរងគ្រោះបាននាំកូនក្មួយមកលេងតំបន់ទឹកធ្លាក់ជ្រាវរួចហើយ និងបន្តរមកលេងនៅចំណុចកើតហេតុខាងលើ ក្នុងចម្ការក្រូចរបស់ឈ្មោះ គឹម ផាន់ទៀត។
ក្រោយពីក្រុមជនរងគ្រោះកំពុងលេងទឹកក្នុងស្ទឹងនោះ ក៏មានភ្លៀងមួយមេធំនៅចំណុចភ្នំជ្រាវ ទើបបង្កឱ្យទឹកស្ទឹងខាងជនឡើងខ្លាំងភ្លាម ទឹកជំនន់ហូរពីខាងលើយ៉ាងកំហុកបានបោកជនរងគ្រោះឈ្មោះ មុំ សេង ពេលឃើញដូចនេះ ឈ្មោះ គឺម ផាន់ក៏បានស្ទុះលោតទៅជួយ ក៏បានទឹកបោកបាត់ខ្លួនទាំងពីរនាក់តែម្ដង។
កម្លាំងនគរបាលប៉ុស្តិ៍អមលាំង ដោយសហការជាមួយប្រជាការពារ ដែលការពារនៅទីនោះបានអន្តរាគមន៍ចុះរាវរករហូតដល់ ម៉ោង៥និង៣០នាទីល្ងាច ទើបរកឃើញសពនៅចំណុចក្រោមស្ពានភូមិទឹកចេញ ចំងាយ២០០ម៉ែត្រ។ សមត្ថកិច្ចមូលដ្ឋានក្រោយពីជួយរកសពឃើញ ក៏បានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតរៀងៗខ្លួន៕ អ៊ុ ណូន




(សូមទស្សនាវីដេអូខាងក្រោម)





