ខេត្តព្រះសីហនុ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែង និងជាច្រើននាក់ទៀតបានរងរបួសធ្ងន់ និងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តដឹកខ្សាច់មួយគ្រឿង បានបុករះទៅលើរថយន្ត ម៉ូតូ និងរ៉ឺម៉កម៉ូតូជាច្រើនគ្រឿង ដែលហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវបេតុង ស្ថិតនៅផ្លូវវត្តលើ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ កាលពីវេលាម៉ោង១២ និង១៥នាទីថ្ងៃត្រង់ ថ្ងៃ០២ ខែមករា ឆ្នាំ២០១៩នេះ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់ខាងលើ បានបង្កឡើងដោយរថយន្តដឹកខ្សាច់ ដែលបានបើកបុករថយន្តនិងម៉ូតូ ដែលកំពុងតែធ្វើដំណើរនៅតាមដងផ្លូវយ៉ាងកំរោល និងបានធ្វើឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ជាប់ក្រោមកង់រថយន្ត និងមនុស្សជាង១០នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល ដោយក្នុងនោះមានទាំងជនជាតិចិន និងជនជាតិខ្មែរផងដែរ។
ប្រភពដដែលបន្តថា ក្រោយពីហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងភ្លាមៗនោះ សមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ហើយក្រុមសង្គ្រោះ និងឡានសង្គ្រោះក៏បានចុះមកអន្តរាគមន៍ជួយសង្គ្រោះ ដឹកជញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យ ខណៈដែលក្រោយកើតហេតុ អ្នកបើកបររថយន្តបង្ក ដែលបានធ្វើឱ្យមនុស្សរងរបួសជាច្រើននាក់នោះ បាននឹងកំពុងគេចខ្លួនបាត់ ក្រោយពេលកើតហេតុ។
សូមរំលឹកផងដែរថា ផ្លូវបេតុងមួយនេះ ខាងមន្ទីរសាធារណៈការ និងដឹកជញ្ជូនបាន ដាក់រនាំងបិទរថយន្តធុនធំដែលមានកម្ពស់២.៥០ម៉ែត្រដោយមិនអនុញ្ញាតឲ្យធ្វើដំណើរឆ្លងកាត់នោះទេ ប៉ុន្តែនៅថ្ងៃទី ២៤ ធ្នូ ២០១៨ ត្រូវបានរថយន្តដឹកផលិតផលជនជាតិចិន បុកបាក់ខ្ទេចនឹងលើកបោះចោល មិនបានដំឡើងវិញរហូតមកដល់ថ្ងៃកើតហេតុនេះ ទើបបង្កឲ្យទៅជាមានសោកនាដកម្មបែបនេះ៕