សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណា ចក្រកម្ពុជា បានមានប្រសាសន៍ថា អាស៊ានចាំបាច់ត្រូវតែឈរលើជំហរ នៃការឯកភាពគ្នាសម្រាប់កិច្ចសហប្រតិបត្តិការ និងដើម្បីផលប្រយោជន៍ទៅវិញទៅ មក។ អាស៊ាននឹងបន្តផ្តោតសំខាន់លើសកម្មភាពនានា ដែលចងភ្ជាប់យើងទាំងអស់គ្នា ដើម្បីវិបុលភាពកាន់តែប្រសើរឡើងសម្រាប់តំបន់។
សារលិខិត អបអរសាទរទិវាអាស៊ាន ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថាយើងនឹងលើក កម្ពស់ស្មារតីអាស៊ាននៃ “ការរួបរួមគ្នា” ដើម្បីប្រមូលផ្តុំនូវកិច្ចខិតខំប្រឹងប្រែងនានា ទាំងផ្ទៃក្នុងអាស៊ាន ទាំងជាមួយប្រទេសជាដៃគូខាងក្រៅ ដើម្បីលើកកម្ពស់នូវសាមគ្គីភាព និងភាពធន់របស់អាស៊ាន ដើម្បីសម្រេចបានគោលដៅ នៃការកសាងទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ប្រកបដោយភាពធន់។ សម្តេចតេជោ ជឿជាក់ថា អាស៊ាន អាចធ្វើដំណើរទៅមុខប្រកបដោយភាពរឹងមាំ សាមគ្គីភាព និងមិត្តភាព ដើម្បីជំនះរាល់បញ្ហាប្រឈមនានា ដែលកំពុងបង្កផលប៉ះពាល់ដល់ប្រយោជន៍រួមរបស់ប្រជាជន និងតំបន់របស់យើង ដោយអនុលោមទៅតាមស្មារតីអាស៊ាន៖ “ទស្សនៈវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ”។
ក្នុងរយៈពេល៥៥ឆ្នាំមកនេះ អាស៊ាន បានផ្លាស់ប្តូរខ្លួន ពីអង្គការដែលមានក្របខ័ណ្ឌធូររលុង ទៅជាអង្គការដែលមានរចនាសម្ព័ន្ធរឹងមាំ និងផ្អែកលើវិធានច្បាប់។ អាស៊ាន បានធ្វើដំណើរឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងខ្លាំង ទាំងក្នុងទិដ្ឋភាពនយោបាយសាកលលោក និងក្នុងកម្រិតតំបន់ និងបានលេចត្រដែតឡើងជាគ្រួសារមួយដ៏ខ្លាំងក្លា និងវាងវៃ។
សម្តេចតេជោ បញ្ជាក់ថា ពិតណាស់ថា អាស៊ានមិនអាចធានាយ៉ាងដាច់ណាត់ថា ពុំមានទំនាស់ និងសង្រ្គាមនោះទេ ប៉ុន្តែយ៉ាងហោចណាស់អាស៊ានបានដើរតួនាទីជាអ្នកផ្តល់វេទិកាបើកចំហមួយ សម្រាប់កិច្ចសន្ទនា និងការពិគ្រោះយោបល់ប្រកបដោយភាពស្ថាបនា ដែលការណ៍នេះបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
សមិទ្ធផលដ៏ធំសម្បើមរហូតមកដល់បច្ចុប្បន្នបានគូស បញ្ជាក់អំពីការប្តេជ្ញាចិត្ត និងឆន្ទៈនយោ បាយយ៉ាងខ្លាំងក្លារបស់ប្រមុខដឹកនាំអាស៊ាន ក្នុងការថែរក្សាសន្តិភាព និងស្ថិរភាព ក៏ដូចជាការនាំមកនូវវិបុលភាពសេដ្ឋកិច្ច ជូនសហគមន៍អាស៊ានមួយដែលប្រកបទៅដោយស្មារតីរួបរួមគ្នា និងសាមគ្គីភាព៕




