ព្រះសីហនុ ៖ ដើម្បីឆ្លើយតបទៅនិងកំណើនភ្ញៀវទេសចរណ៍ដែលបច្ចុប្បន្ន មានការកើនឡើងយ៉ាងកំហុក ចូលមកលេង ខេត្តព្រះសីហនុ តាមជើងហោះហើរ ពីប្រទេសនានាក្នុងតំបន់អាស៊ាន និងអ៊ឺរ៉ុប ផងដែរនោះ អាកាសយាន ដ្ឋានអន្តរជាតិ កងកេង ខេត្តព្រះសីហនុ បានបើកសម្ពោធអាគារកិច្ចការទូទៅ សម្រាប់បំរើសេវាកម្មជើងហោះហើរ និងការឆ្លងកាត់របស់ ភ្ញៀវជាតិ និងអន្តរជាតិ កាលពីថ្ងៃត្រង់ថ្ងៃពុធ ទី២៧ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ។
ឯកឧត្តម ម៉ៅ ហាវណ្ណាល់ មានមោទនភាពចំពោះការវិវត្តន៍រីកចំរើនរបស់វិស័យអាកាសចរណ៍ នៅអាកាសយានដ្ឋាន អន្តរជាតិ កងកេង ខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន ទាំងការកសាងពង្រីកហេដ្ឋារចនាសម្ពន្ធ័បន្ថែម ទាំងកំណើន នៃជើង ហោះហើរឆ្លងកាត់ ដែលតាមតួលេខពីមន្ត្រីផ្លូវការនៅអាកាសយានដ្ឋានអន្តរជាតិ កងកេង ខេត្តព្រះសីហនុ បង្ហាញថា បច្ចុប្បន្ននេះក្នុងមួយថ្ងៃៗ មានជើងយន្តហោះបានចុះចត និងហោះហើរឆ្លងកាត់យ៉ាងតិច ១៥គ្រឿង ហើយចំនួននេះ បើប្រៀបធៀបកាលពីប៉ុន្មានឆ្នាំមុន គឺមានការកើនឡើង ច្រើនបំផុតមិនធ្លាប់មានពីមុនមក៕ ដោយ នោរា
រូបភាព ពីបណ្តាញសង្គម








