ព្រឹទ្ធសភាកម្ពុជាបានពិនិត្យ និងឱ្យយោបល់ដោយឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដើម្បីបើកផ្លូវឱ្យស្ថាប័នជំនាញយកទៅអនុវត្តឱ្យទាន់សភាពការណ៍ នាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។
ការអនុម័តនេះធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ក្នុងសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភានីតិកាលទី៤ ក្រោមអធិបតីភាពរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដោយមានសភាជិកសមាជិការព្រឹទ្ធសភាចំនួន៣៩រូបចូលរួម។
ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្សព្រឹទ្ធសភាបានបញ្ជាក់ឱ្យដឹងនៅក្រោយកិច្ចប្រជុំនេះថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដើម្បីកំណត់អំពីគោលបំណង វិសាលភាព វិធានការទោសប្បញ្ញត្តិ និងសមត្ថកិច្ច ដែលត្រូវអនុវត្តសំដៅការពារអាយុជីវិតប្រជាពលរដ្ឋសុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈព្រមទាំងការកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់ នៃជំងឺឆ្លងនេះ ចំពោះវិស័យសង្គម -សេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
អនុលោមតាមជំពូកទី៣ មាត្រា៣២ និងជំពូកទី៤មាត្រា៥២ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ-កម្ពុជាសេចក្តីព្រាងច្បាប់នេះបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការទទួលខុសត្រូវចំពោះភាពរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ និងការថែ រក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ក្នុងកាលៈទេសៈដែលប្រទេសជាតិ កំពុងប្រឈមនឹងការគំរាមកំហែងពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀត។
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន០៦ជំពូក និង១៨ មាត្រាត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាអនុម័តយល់ព្រមជាលើកដំបូងចំនួន៨៣សំឡេងនៃចំនួនសមាជិក រដ្ឋសភាទាំងមូលកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៦។ឯកឧត្តមម៉មប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងឯកឧត្តមកើត រិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានអញ្ជើញមកការពារសេចក្តីព្រាង ច្បាប់នេះ។
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិ បាល និង ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។ អង្គប្រជុំព្រឹទ្ធ សភា បានពិនិត្យនិងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន៣៩ សំឡេ ងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល នឹងចាត់ទុកជាការប្រញាប់៕
ដោយ៖ សំអាតនិងពិសិដ្ឋ