ខេត្តពោធិ៍សាត់ ៖ កម្លាំងចំរុះខេត្តពោធិ៍សាត់ ចែកចេញជា៣គោលដៅ ចុះបង្រ្កាបព្រមគ្នា នូវបទល្មើសនេសាទទ្រង់ទ្រាយធំ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅតំបន់នានាលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងស្រុកចំនួន៣ គឺស្រុកក្រគរ ស្រុកកណ្ដៀង និងស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយសម្រេចឲ្យជនប្រព្រឹត្តរុះរើដោយខ្លួនឯង។
ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការ បានបង្ហើបឲ្យដឹងថា កិច្ចប្រត្តិបត្តិការខាងលើនៅស្រុកក្រគរ ដឹកនាំដោយលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តពោធិ៍សាត់ ចំណែកនៅស្រុកកណ្ដៀងឯនេះវិញ ដឹកនាំដោយលោក ឆាយ មន នាយរងខណ្ឌរដ្ខបាលជលផល និងនៅស្រុកបាកាន ដឹកនាំដោយលោក ថៃ សីលាលីតា នាយរងខណ្ឌរដ្ខបាលជលផល ក្រោមការបញ្ជាផ្ទាល់ និងដឹកនាំរួមពីលោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់។ ប្រត្តិបត្តិការខាងលើនេះ នឹងដំណើរការពេញមួយសប្ដាហ៍។
ខណៈសមត្ថកិច្ចជូនដំណឹងឲ្យជនប្រព្រឹត្តបទល្មើសនេសាទ ដែលប្រើប្រាស់ឧបករណ៍រួមផ្សំដូចជា ដាយ លប ។ល។ ឲ្យរុះរើដោយខ្លួនឯងនោះ គេសង្កេតឃើញជនប្រព្រឹត្តបទល្មើសខ្លះ បានមូរសាច់អ៊ួន បង្កប់ទៅបាតដីដែលមានទឹកជ្រៅ ដូច្នេះមានផលលំបាកក្នុងការបង្រ្កាប លើកលែងតែមន្រ្តីជំនាញរដ្ឋបាលជលផល ឬនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចប៉ុណ្ណោះ ដែលពួកគាត់ស្គាល់ទីតាំងបទល្មើសទាំងនេះច្បាស់ ហើយខ្លះមានទាំងលេខ (GPS) ទៀតផង៕