រដ្ឋសភាកម្ពុជា នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយសន្តិវិធី ដើម្បីបង្កើនតម្លៃនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូអន្តរជាតិ សំដៅបង្កើតសុខុមាលភាពទឹក។ នេះជាការបញ្ជាក់របស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា សិក្ខាសាលា ស្តីពីចក្ខុវិស័យទឹកនៅកម្ពុជា នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា «សិក្ខាសាលា ស្តីពីវិស័យទឹកនៅកម្ពុជា» ក្រោមប្រធានបទ «ការផ្តល់យោបល់អំពីចក្ខុវិស័យទឹកថ្នាក់ជាតិ សម្រាប់និរន្តរភាពនិងវិបុលភាពរួម រវាងកម្ពុជានិងក្រុមប្រឹក្សាទឹកអាស៊ី ក្នុងបរិបទនៃវិបត្តិអាកាសធាតុ» ដែលក្រុមប្រឹក្សាទឹកអាស៊ី (Asia Water Council-AWC) និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (Asian Vision Institute-AVI) បានផ្តួចផ្តើម និងសហការរៀបចំនាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍បន្តថា បច្ចុប្បន្នការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាប្រឈមសកល ដែលបង្កឡើងដោយកត្តាសំខាន់ៗដូចជា ការកើនឡើងនៃឧស្ម័នផ្ទះកញ្ចក់ ការប្រើប្រាស់ចំហេះប្រេងឥន្ធនៈ ការកើនឡើងនៃចំនួនប្រជាជនពិភពលោក និងការរេចរឹលនៃគម្របព្រៃឈើពិភពលោកជាដើម។ វិបត្តិអាកាសធាតុ បានក្លាយជាប្រធានបទសកល ដែលទាមទារឱ្យមានការចូលរួម ដោះស្រាយរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងប្រទេសតូច ទាំងប្រទេសធំ ទាំងកម្រិតរដ្ឋាភិបាល វិស័យឯកជន និងអង្គការសង្គមស៊ីវិល។ ប្រទេសកម្ពុជា ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀតដែរ បានរងផលប៉ះពាល់ដោយផ្ទាល់ពីការប្រែប្រួលអាកាសធាតុ ស្របពេលដែលចំនួនប្រជាជននិងទីក្រុងបានកើនឡើងជាបន្តបន្ទាប់ ហើយបញ្ហាទឹកក៏បានក្លាយជាបញ្ហាប្រឈមភ្ជាប់ទៅនឹងការរីកចម្រើននៃទីក្រុងដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនទាំងនៅទីប្រជុំជននិងជនបទ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបង្ហាញក្ដីសង្ឃឹមថា សិក្ខាសាលានាថ្ងៃនេះ នឹងក្លាយជាវេទិកាពិភាក្សា ផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ អំពីស្ថានភាពជាក់ស្តែង និងចក្ខុវិស័យនៃវិស័យទឹកនៅកម្ពុជា ហើយក៏នឹងឈ្វេងយល់បន្ថែមអំពីបញ្ហាប្រឈមនិងកាលានុវត្តភាព ដើម្បីជំរុញការអនុវត្តគម្រោងពាក់ព័ន្ធនឹងវិស័យទឹកទៅតាមស្ថានភាពតម្រូវការជាក់ស្តែង។ ទន្ទឹមនឹងនេះអង្គសិក្ខាសាលាអាចពិចារណាដាក់ចេញ អនុសាសន៍ ឬបង្កើតផែនទីចង្អុលផ្លូវ (roadmap) មួយ សម្រាប់ការអភិវឌ្ឍ វិស័យទឹកនៅកម្ពុជា ដោយផ្អែកលើធាតុចូលសំខាន់ៗ ដែលទទួលបានពីអង្គសិក្ខាសាលានេះ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍បញ្ជាក់ថា រដ្ឋសភាកម្ពុជា នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយសន្តិវិធី ដើម្បីបង្កើនតម្លៃនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូអន្តរជាតិ សំដៅបង្កើតសុខុមាល ភាពទឹក ការគ្រប់គ្រងទឹកប្រកបដោយចីរភាព សកម្មភាពទឹកទាក់ទងនឹងអាកាសធាតុនៅប្រទេសកម្ពុជា និងតំបន់អាស៊ី តាមយន្តការនៃកិច្ចសហប្រតិបត្តិការសភានិងសភា៕