ក្រុមប្រជាពលរដ្ឋដែលងាយរងផលប៉ះពាល់ និងកាន់ប័ណ្ណសមធម៌(ក្រ១-ក្រ២)ទាំងអស់នៅក្នុងស្រុក ប្រជាពលរដ្ឋដែលទើបផ្លាស់ទីលំនៅថ្មីពីក្នុងក្រុងសៀមរាមមករស់នៅក្នុងឃុំរុនតាឯកចំនួន២៥០គ្រួសារ បូករួមនឹងប្រជាការពារជាង ៦០០នាក់ ត្រូវបានទទួលអំណោយជាអង្ករ ២០គីឡូក្រាមក្នុងមួយគ្រួសារ ដើម្បីជួយសម្រាលដល់ការលំបាកក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ជាពិសេសក្នុងបរិបទដែលប្រទេសកម្ពុជាកំពុងទទួលរងផលប៉ះពាល់ខាងផ្នែកសេដ្ឋ កិច្ចពីការរីករាលដាល នៃមេរោគកូវីដ១៩។
កម្មវិធីនេះត្រូវបានធ្វើឡើងនៅពីរកន្លែងផ្សេងគ្នា ក្នុងវត្តព្រះដាក់ និងវត្តសិលាចារ្យបន្ទាយស្រី ក្រោមអធិបតីភាពឯកឧត្តមអភិបាល ខេត្ត ទៀ សីហា និងមានការចូលរួមពីមន្ត្រីរាជការមកពីមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។
គួររំលឹកដែរថា អង្ករដែលបានមកពីគម្រោង «ស្រែសង្គម» ទាំងនេះ គឺជាផ្លែផ្កានៃការរួមកំលាំងសាមគ្គីគ្នា លើការប្រវាស់ ដីស្រែចំនួន៤០ហិកតា ជាមួយប្រជាពលរដ្ឋ៨៨គ្រួសារនៅក្នុងឃុំព្រះដាក់ ថែមទាំងទទួលបានការចូលរួមឧបត្ថម្ភពូជ ការចំណាយ និងកំលាំងពលកម្មស្ម័គ្រចិត្ត ពីសំណាក់មន្ទីរកសិកម្ម សប្បុរសជន និងយុវជនស្ម័គ្រចិត្តស.ស.យ. ក។
គម្រោងនេះធ្លាប់ទទួលបានទិន្នផលចំនួន៨៤តោន និងបានធ្វើការបែងចែកជាបណ្តើរៗជូនដល់ម្ចាស់ស្រែ ប្រជាពល រដ្ឋទីទ័លក្រ និងជនរងគ្រោះពីទឹកជំនន់ក្នុងរយៈកាលកន្លង មក ហើយត្រូវបានចែកជូនបញ្ចប់នៅក្នុងថ្ងៃនេះតែម្តង៕






