បុរសម្នាក់ជាកម្មករប្រមូលសំរាមនៅផ្សារបឹងត្រកួន ស្តិតក្នុងភូមិបន្ទាយមានប្ញទ្ធិ ឃុំគោករមៀតស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានស្លាប់ដោយគ្មានអ្នកណាដឹងខណៈពេលបើកគោយន្តយកសំរាមទៅចាក់ចោលនៅកន្លែងចាក់សំរាម លុះព្រឹកឡើងថ្ងៃទី១៩ខែមីនា ឆ្នាំ២០២០ទើបមានគេប្រទះឃើញសពជនរងគ្រោះស្លាប់ដោយគោយន្តកន្ត្រៃក្រឡាប់សង្កត់។
លោកវរសេនីយ៍ឯកសៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះ ញឹម តយ ភេទប្រុសអាយុ 38 ឆ្នាំ ជាកម្មករប្រមូលដឹកសំរាមក្នុងផ្សារបឹងត្រកួន រស់នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ថា៖ជារៀងរាល់យប់ជនរងគ្រោះតែងតែប្រមូលសំរាមក្នុងផ្សារបឹងត្រកួនដឹកតាមគោយន្តយកទៅចាក់នៅកន្លែងចាក់សំរាម នៅយប់ថ្ងៃកើតហេតុវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត ថ្ងៃទី១៨ខែមីនា ជនរងគ្រោះបានប្រមូលដឹកសំរាមដឹកយកទៅចាក់ចោល នៅចំណុចខាងជើងភូមិក្កឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ចម្ងាយ៥០០ម៉ែត្រ បើកជិតដល់កន្លែងចាក់សំរាមគោដាច់កង់មុខខាងស្តាំរេចង្កូតធ្លាក់ចូលប្រឡាយត្រូវគោយន្តសង្កត់ពាក់កណ្តាលស្លាប់ដោយគ្មានអ្នកណាគេដឹង លុះព្រឹកឡើងទើបមានគេប្រទះឃើញ។សពជនរងគ្រោះក្រោយពីពិនិត្យរួច ប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕





