នៅរសៀលថ្ងៃសុក្រ ១ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Luis Tsuboyama ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប៉េរូ ប្រចាំឥណ្ឌូណេស៊ី ទីម័រខាងកើត និងអាស៊ាន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការចូលរួមរបស់ឯកឧត្តមអគ្គលេខាធិការអាស៊ាន នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងលីម៉ា ប្រទេសប៉េរូ នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤។លេខាធិការដ្ឋានអាស៊ាន គឺជាអ្នកសង្កេតការណ៍ផ្លូវការមួយរបស់ APEC រួមជាមួយលេខាធិការដ្ឋានវេទិកាប្រជុំកោះប៉ាស៊ីហ្វិក និងក្រុមប្រឹក្សាសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់ប៉ាស៊ីហ្វិក។






