ស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតី មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ ត្រង់ព្រំប្រទល់រវាង រាជធានីភ្នំពេញ និងខេត្តកណ្តាល ដគិតមកដល់ពេលនេះការដ្ឋានទាំងមូលសម្រេចបាន ប្រមាណ ២៥%ហើយ គ្រោងនឹងបញ្ចប់ស្ពានទី១ (មហាវិថីសម្តេចហ៊ុនសែន ទៅព្រលានតេជោ) នៅមុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនាឆ្នាំ២០២៥ ដោយប្រើប្រាស់ថវិកាក្នុងសាងសង់ចំនួន១៦,២០០,៥០០ ដុល្លាអាមេរិកប្រើប្រាស់រយះពេលសាងសង់ចំនួន១២ខែ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជ ធានីភ្នំពេញបានអោយដឹងនៅល្ងាចថ្ងៃទី០៤ ធ្នូនេះថា៖ បច្ចុប្បន្នស្ពានអាកាសភ្លោះ សម្តេចមហាបវរធិបតី សម្រេចបាន ប្រមាណ ២៥% ដោយយើងបានបញ្ចប់ការសាងសង់សសរស្ពានទាំងអស់រួចហើយ។
លោកសាំ ពិសិដ្ឋ បានបញ្ជាក់ទៀតថា៖ ស្ពានអាកាសភ្លោះ សម្តេចមហាបវរធិបតីនេះ គ្រោងនឹងបញ្ចប់ជំហានទី១ (មហាវិថីសម្តេចហ៊ុនសែន ទៅព្រលានតេជោ) មុនខែមេសាឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនាឆ្នាំ២០២៥។
គួរបញ្ជាក់ថា៖ ស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតីបានធ្វើពិធីបើកការដា្ឋនកាលពីព្រឹកថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវ ក្រោយពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ពិធីក្រុងពាលីតាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចំរុងចំរើន កាលពីនារសៀលថ្ងៃទី១៦ មិថុនា។ ស្ពានអាកាសភ្លោះនេះ ជាគម្រោងរបស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាសាងសង់ចំនួន១៦,២០០,៥០០ ដុល្លាអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុន (OCIC) ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន១២ខែ។ គម្រោងសាងសង់ស្ពានអាកាសភ្លោះនេះ ស្ពានជាប្រភេទបេតុងអាមេ (ធ្នឹមរាងអក្សរ I) ដែលមានបណ្ដោយស្ពានសរុប ៦២២ម៉ែត្រ បណ្ដោយតួស្ពាន: ២៨១ ម៉ែត្រ ,ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងមហាវិថីសម្តេចតេជោ ហ៊ុន សែនប្រវែង ១៨០ម៉ែត្រ,ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងព្រលានយន្តហោះ អន្តរជាតិតេជោ១៦១ម៉ែត្រ។
ស្ពានទី១: ផ្លូវឯកទិសមានទិសដៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។
ស្ពានទី២: ផ្លូវឯកទិសមានទិសដៅឆ្លងកាត់ផ្លូវជាតិលេខ២ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅកាន់ មហាវិថីសម្តេចតេជោ ហ៊ុន សែន។ ទម្ងន់ផ្ទុកអនុញ្ញាត ២៥តោន កម្ពស់សុវត្ថិភាព:៥.៥០ម៉ែត្រ (ត្រង់ចំនុចប្រសព្វផ្លូវជាតិលេខ២) ៕
ពិសិដ្ឋ






