ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡា ហោម ស ខេង បានឱ្យដឹងថាកម្ពុជានឹងធ្វើយ៉ាងណាដើម្បីអាចដកចេញពីបញ្ជីប្រផេះនៃការលាង លុយកខ្វក់ និងសំដៅលើកកម្ពស់កិត្តិនាមកម្ពុជាទាំងក្នុងតំបន់ និងអន្តរជាតិផង។
ថ្លែងនៅក្នុងកិច្ចប្រជុំនាថ្ងៃពុធ ទី២៩ ខែមិថុនា ផ្សព្វ ផ្សាយអំពីលទ្ធផលការងារ និងទិសដៅការងារពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញ ប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ គ.ស.ហ សម្ដេចក្រឡាហោម ស ខេង បានផ្ដល់អនុសាសន៍កែសម្រួលសមាសភាព និងពង្រីកវិសាល ភាពសមាសភាព គ.ស.ហ ឱ្យកាន់តែធំទូលាយ ព្រម ទាំងបង្កើតអនុគណៈកម្មការ និងក្រុមការងារដើម្បីដឹកនាំ និងអនុវត្តការងារដែលនៅសេស សល់ជំរុញឱ្យកម្ពុជាកាន់តែឆាប់ចេញពីបញ្ជីប្រផេះនៃការលាងលុយ។
ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាអនុប្រធានប្រចាំការ គ.ស.ហ ឯ.ឧ ជា ចាន់តូ បានបញ្ជាក់ថារក្សាកំណើននៃទិន្នន័យពាក់ព័ន្ធនឹងការបញ្ជូនរបាយការណ៍ និងចំនួននៃការស៊ើបអង្កេត និងការចោទប្រកាន់ពីបទសម្អាតប្រាក់ ដែលទាមទារឱ្យមានការចូលរួមពីមន្រ្តីពាក់ព័ន្ធសំដៅឈានទៅទាញកម្ពុជាចេញពីបញ្ជីប្រផេះ និងធានាស្ថិរភាពប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុកម្ពុជា ខណៈក្រុមការ ងារអន្តរជាតិនឹងចុះមកត្រួតពិនិត្យដល់ទីកន្លែងនៅអំឡុងខែមករា ឆ្នាំ ២០២៣។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងប្រធានអនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពរបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិច អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ លោក កើត រិទ្ធ បានរាយការណ៍ថា បច្ចុប្បន្នកម្ពុជាបានបានបង្កើតបាននូវយន្តការប្រឆាំងការសម្អាតប្រាក់នៅតាមក្រសួងស្ថាប័ននានា ដែលលោកថាគឺជាគន្លឹះធានាប្រសិទ្ធភាព និងនិរន្តរភាពនៃការប្រឆាំងការសម្អាតប្រាក់នៅកម្ពុជា ទាំងសម្រាប់ពេលចំពោះមុខ ទាំងសម្រាប់រយៈពេលវែងទៅថ្ងៃមុខ។
សម្ដេចក្រឡាហោម ស ខេង បានរម្លឹកជាថ្មីទៀតឱ្យអាជ្ញាធរមានសមត្ថកិច្ចមានវិធានការស្រាវជ្រាវឱ្យដល់ឬសគល់នៃប្រភពធនធានរបស់ក្រុមជួញដូរគ្រឿងញៀន ធ្វើយ៉ាងណាបង្កក ឬរឹបអូសកុំឱ្យក្រុមឧក្រិដ្ឋជនទាំងនោះអាចលាង លុយកខ្វក់របស់ពួកគេបាន។
កម្ពុជាត្រូវបានក្រុមការងារហិរញ្ញវត្ថុ ហៅកាត់ថា FATF នៅប្រទេសបារាំង បន្តដាក់ជាប្រទេសក្នុងបញ្ជីប្រផេះនៃក្រុមប្រទេសដែលមានហានិភ័យនៃការលាងលុយកខ្វក់ដែលត្រូវបង្កើនការតាមដាន។ នេះជាឆ្នាំទី៣ហើយដែលស្ថាប័ននេះបានដាក់ប្រទេសកម្ពុជាចូលក្នុងបញ្ជីនៃការព្រួយបារម្ភនេះ៕






