កំពង់ស្ពឺ ៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូម្នាក់ឯង វ៉ាជែងគេឯងលឿនចូលក្រោម រថយន្តធុនធំសណ្តោងទូរកុងតឺន័របញ្ច្រាសទិស បុកកិនស្លាប់ភ្លាមៗ កាលពីវេលាម៉ោង០៨និង៤៥នាទីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥១ ទៅលេខ៥២ ចំណុច ភូមិកាប់ទូក សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់មន្ត្រីនគរបាលចរាចរណ៍ក្រុង បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូ ០១គ្រឿង ម៉ាក ZOOMER-X ស៊េរីទំនើប ពណ៌ខ្មៅលាយក្រហម គ្មានស្លាកលេខនោះទេ អ្នកបើកបរមានឈ្មោះ ខុន ប៊ុនធឿន អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជនមួយ ស្នាក់នៅក្នុងសង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានស្រុក កំណើតនៅភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ដល ខេត្តបាត់ដំបង បានបើកបរលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងទិសដៅ ពីទិសខាងលិចទៅទិសខាងកើត លុះធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុខាងលើ យុវជនរងគ្រោះជាម្ចាស់ម៉ូតូ ក៏បានបើកលឿនឡើងវ៉ាប្រជែងរថយន្តធុនតូចមួយគ្រឿងទៀត បណ្តាលអោយដួលខ្ទាតមនុស្សចូលក្រោម រថយន្ដធុនធំ សណ្តោងកុងតឺន័រ០១គ្រឿង ម៉ាកSTERLING ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ3D-4515 មានសណ្ដោងសឺមីរ៉ឺម៉ក (សណ្តោងទូរកុងតឺន័រ) ពាក់ស្លាកលេខ ភ្នំពេញ 4A-0483 មិនស្គាល់ឈ្មោះ និងអាសយដ្ឋានអ្នកបើកបរនោះ ដែលកំពុង តែបើកបរពីទិសខាងកើតទៅទិសខាងលិច (បញ្ច្រាស់ទិសគ្នា) បណ្តាលឱ្យគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារៈ ដូចខាងក្រោម៖ ស្លាប់មនុស្សប្រុសម្នាក់នៅកន្លែងកើតហេតុ (ខាងម៉ូតូ) ខូចម៉ូតូ០១គ្រឿងកំរិតស្រាល និងរថយន្ដពុំខូចខាត នោះទេ។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្ដបានចុះរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុនគរបាលជំនាញ បានចុះធ្វើការវាស់វែង រួចប្រគល់សពអោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។នគរបាលជំនាញបានបន្តទៀតថា ចំពោះវត្ថុតាងរថយន្ត និងម៉ូតូទាំពីរគ្រឿង ត្រូវបាននគរបាលដឹកយកទៅ រក្សាទុកនៅ ការិយាល័យនគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕ អ៊ុ ណូន










