អភិបាលរាជធានីភ្នំពេញ ណែនាំឲ្យម្ចាស់ បូរីនិងសមត្ថកិច្ច ត្រូវពង្រឹងកិច្ចសហការជាមួយគ្នា ឲ្យបានល្អ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ អោយកាន់តែប្រសើរថែមទៀត។
នៅក្នុងកិច្ចប្រជុំពិភាក្សា ស្តីពី ការគ្រប់ គ្រងបូរី នៅក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៥ ខែសីហា នេះ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការពង្រឹងកិច្ចសហការ រវាង ម្ចាស់បូរី និងសមត្ថកិច្ចនេះ គឺដើម្បីអាចរាយការណ៍ អោយគ្នាទៅវិញទៅមក នៅពេលមានករណីមិនប្រក្រតីណាមួយកើតឡើង ដែលអោយសមត្ថកិច្ចអាចធ្វើអន្តរាគមន៍ ជួយដោះស្រាយបានទាន់ពេលវេលា។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ទៀតថា បច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញ មានសំណង់បូរី ជាច្រើន ហើយមានលក្ខណៈរស់នៅដាច់ដោយឡែក ហើយកន្លែងខ្លះមានភាពស្មុគស្មាញ ការកើតឡើងនូវបទល្មើស មួយចំនួន ដែលទាមទារឲ្យភាគីទំាង២ មានកិច្ចសហការជាមួយគ្នាទ្វេដង ដើម្បីបង្កើនភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងបូរី។
តាមការវាយតម្លៃ ក្នុងកិច្ចកិច្ចពិភាក្សា ក៏បានណែនាំដល់ម្ចាស់បូរីត្រូវពង្រឹងការគ្រប់គ្រងសន្តិសុខបន្ថែមទៀត លើបញ្ហាការត្រៀមបង្ការពន្លត់អគ្គិភ័យ ការបំពាក់កាំម៉ារ៉ាសុវត្ថិភាព ត្រូវមានប្រព័ន្ធទូរសព្ទ ទាន់ហេតុការណ៍ ២៤ ម៉ោងលើ២៤ម៉ោង មានច្រកចេញចូលត្រឹមត្រូវការគ្រប់ គ្រងស្ថិតិប្រជាពលរដ្ឋ ត្រូវមានសន្តិសុខយាមកាមជាដើម។
យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅរាជធានីភ្នំពេញ មានបូរីទំាងអស់សរុបចំនួន១២៥បូរី ដែលមានខ្នងផ្ទះចំនួន ៧០១៦២ ខ្នងផ្ទះ៕






