មណ្ឌលគិរី៖ នៅក្នុងពិធីអបអរសាទរ រុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២០ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រួមគ្នាថែរក្សា ការពារធនធានធម្មជាតិ ក៏ដូចជា មជ្ឈ មណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ភ្នំដោះក្រមុំ ឱ្យបាគង់វង្ស ដើម្បីធ្វើការអភិវឌ្ឍន៍តំបន់នេះ ឱ្យក្លាយជាតំបន់មួយ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យមកទស្សនាកំសាន្តនៅខេត្តមណ្ឌលគិរី មានការកើនឡើងជារៀងរាល់ឆ្នាំ ពិធីនេះធ្វើឡើងនៅបរិវេណភ្នំដោះក្រមុំ ស្ថិតនៅភូមិដោះក្រមុំ សង្កាត់ សុខដុម ក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានបញ្ជាក់ថា កន្លងមក អាជ្ញាធរ ក៏ដូចជាមន្រ្តីជំនាញ ក៏បានធ្វើការដាំកូនក្ងោក កូនស្រល់ និងកូនឈើឈើប្រណិតរាប់រយដើម នៅបរិវេណមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគ តិច ភ្នំដោះក្រមុំនេះ ដូច្នេះ ដើម្បីឱ្យដើមឈើទាំងឡាយនោះ មានការដុះលូតលាស់ល្អ គឺទោះតែមន្រ្តីរាជការ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ រួមគ្នាថែរក្សា ការពារ ចៀសវាងការកាប់ទន្រ្ទាននៅបរិវេណភ្នំដោះក្រមុំ និងត្រូវរក្សាការពារផ្ទៃដីរបស់រដ្ឋនៅតំបន់មួយចំនួនទៀត ឱ្យនៅគង់វង្ស ដើម្បីជាសក្តានុពលសម្រាប់ការអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី និងជាសក្តានុពលសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិដែលមកទស្សនាកំសាន្តផងដែរ។
ឯកឧត្តម បានបញ្ជាក់យ៉ាងដូច្នេះថា នៅខេត្តមណ្ឌលគិរី ប្រសិនបើយើង មិនបានកំណត់តំបន់ការពារធនធានធានធម្មជាតិ ឱ្យបានច្បាស់លាស់នោះទេ តំបន់ទាំង នោះ នឹងក្លាយជាតំបន់ ដែលមិនមានសក្តានុពលព្រៃ ឈើ និងមិនមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរផងដែរ ដូច្នេះ មានតែសក្តានុពលធនធានធម្មជាតិទេ ដែលធ្វើឱ្យខេត្ត មានការអភិវឌ្ឍន៍រីកចម្រើនទៅមុខ និងមាន ការទាក់ទាញពីភ្ញៀវទេសចរជាតិ អន្តរជាតិ។
ដោយឡែក នៅខេត្តមណ្ឌលគិរី រដ្ឋបាលខេត្ត សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក៏បានរៀបចំប្រារព្វពិធីបុណ្យ រុក្ខទិវា នាពេលនេះ និងបានជ្រើសរើសយកកូនឈើប្រភេទស្រល់ សរុបចំនួន ១០០០ ដើម ដើម្បីយកមកដាំនៅបរិវេណមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ភ្នំដោះក្រមុំ និងបានផ្តល់កូនឈើ ជូនដល់កងកម្លាំងប្រដាប់អាវុធទាំងបី មន្រ្តីរាជការ និងប្រជាពលរដ្ឋ ដើម្បីបំផុសឱ្យចូលរួមស្រលាញ់ធនធាតិធម្មជាតិ និងស្រលាញ់បរិស្ថានផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគីរី






