សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ ឧប នាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ ឲ្យរៀបចំកាត់ឆ្កៀលដីតំបន់៣ នៅបឹងទន្លេសាប ជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានមុនចូលឆ្នាំខ្មែរ ក្នុងខែមេសា ឆ្នាំ២០២៣ខាងមុខ។ ការបញ្ជាក់របស់សម្តេចតេជោ ធ្វើឡើង ក្នុងឱកាសអញ្ជើញចែកស្រូវពូជ ជូនកសិករខេត្តកំពង់ឆ្នាំង ជាង៣ពាន់គ្រួសារ នៅថ្ងៃទី២៦ ខែតុលានេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការពន្លឿនកាត់ឆ្វៀលដីតំបន់បី ជុំវិញបឹងទន្លេសាប គឺដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ក្នុង ការរស់នៅ និងបង្កបង្កើនផល។ សម្តេចតេជោ បញ្ជាក់ថា ប្រជាពលរដ្ឋខ្លះបានរស់នៅក្នុងតំបន់ទន្លេសាប មិនមែនត្រឹមតែមួយជំនន់នោះទេ ពួកគាត់បានរស់នៅច្រើនជំនាន់រាប់រយឆ្នាំទៅហើយ ដូច្នេះទោះក្នុងតំបន់២ តំបន់៣ក្តី ត្រូវសម្រួលឲ្យពួកគាត់អាចរស់នៅទីនោះ។
ចំពោះតំបន់៣ខ្លះ អាចកាត់មកជាតំបន់២ ហើយតំបន់២ អាចកាត់ចូលតំបន់១ សម្រាប់ប្រជាពលរដ្ឋ។
សម្តេចតេជោ បានបង្ហាញនូវការសោកស្តាយ ដែលសម្តេចបានចុះហត្ថលេខា លើអនុក្រឹត្យនៅឆ្នាំ២០១២ ដោយមិនបានយកចិត្តទុកដាក់ លើការកែសម្រួលតំបន់៣ តំបន់២ និងតំបន់១ នៅបឹងទន្លេសាប។ ប៉ុន្តែពេលនេះ រាជរដ្ឋាភិបាលបានរកឃើញវិធីសាស្ត្រ ដើម្បីអាចឲ្យប្រជាពលរដ្ឋអាចរស់នៅបានផង និងអាចថែទាំបឹងទន្លេសាបបានផងដែរ។
សូមជម្រាបថា ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាលាភូមិន្ទរដ្ឋបាល និងការបើកវគ្គបណ្ដុះបណ្ដាលឆ្នាំសិក្សា២០២២ នាថ្ងៃទី១៣ មិថុនា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសកាត់ឆ្វៀលដីជូនពលរដ្ឋជិត២ម៉ឺនហិកតា នៅតំបន់ជុំវិញបឹងទន្លេសាប។
សម្ដេច ហ៊ុន សែន ប្រាប់អភិបាលខេត្តជុំវិញបឹងទន្លេសាប កាត់ដីឱ្យពលរដ្ឋតាមសន្យា ដើម្បីកុំឱ្យពលរដ្ឋនិយាយថា រដ្ឋាភិបាលបោកប្រាស់ពួកគេ។ កាលពីថ្ងៃទី២៧ ឧសភា សម្ដេចតេជោ បានប្រាប់ឱ្យឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កែតម្រូវព្រំប្រទល់តំបន់៣ និងតំបន់២ ជូនប្រជាពលរដ្ឋនៅតំបន់ជុំវិញបឹងទន្លេសាប។
ក្នុងនោះរដ្ឋាភិបាលសម្រេចកែសម្រួលផ្ទៃដី១០.០១៤ហិកតា ចេញពីតំបន់២ បញ្ចូលទៅតំបន់១ នៃបឹងទន្លេសាប ជូនប្រជាពលរដ្ឋ ៩១៤៤គ្រួសារ និងកែ សម្រួលផ្ទៃដីទំហំ៦៣៦៥ហិកតា ស្មើនឹង២០២៥ក្បាលដី ចេញពីតំបន់៣ បញ្ជូលមកតំបន់២ សម្រាប់ផ្ដល់ឱ្យប្រជាពលរដ្ឋ ១៧៤៩គ្រួសារ នៅខេត្តកំពង់ធំ៕
សំ វណ្ណា






