ខេត្ដឧត្ដរមានជ័យ ៖ មន្រ្តីសង្កាត់រដ្ឋបាលព្រៃឈេីម្នាក់ កាន់សេដ្ឋកិច្ចអោយនាយសង្កាត់ស្រុកអន្លង់វែង បានរងការចោទប្រកាន់ថា បានធ្វេីការដោះលែងរថយន្តដឹកឈេីមួយគ្រឿង ជាថ្នូរនឹងលាភសក្ការៈ ទើបមិនបង្ក្រាបបទល្មើសព្រៃឈើ។
លោក វុន វ៉ាន់ មន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង បានធ្វើការដោះលែងរថយន្តដឹកឈើមួយគ្រឿង កាលពីវេលាម៉ោង១ និង៤៥នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ចំនុចភូមិស្លែងពណ៌ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ។
ចំពោះការចោទប្រកាន់ការដោះលែងរថយន្តដឹកឈេី ដែលត្រូវគេដឹងថាមានរថយន្តកាមរីឆ្លាមមួយគ្រឿង ពណ៌សំបកឪឡឹក ពាក់ស្លាក់លេខភ្នំពេញ 2R.5850 ដែលផ្ទុកដោយឈេីធ្នង់ពេញ ក្រោយពីមានកំលាំងចម្រុះបានឃាត់ទុក នៅទីតាំងខាងលើ ហើយបានហៅមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈេី លោក វុន វ៉ាន់ បានចុះទៅទីភ្លាមៗ ដោយត្រឹមតែហៅម្ចាស់រថយន្តមកចរចារ រួចហើយក៏បេីករថយន្តចេញជាមួយមន្ត្រីរដ្ឋបាលបាត់ទៅ។
គួរបញ្ជាក់ថា ក្រោយពីមានការដោះលែងរថយន្តដឹកឈើធ្នង់ខាងលើ គេក៏បានគំរាមតាមរយសមត្ថកិច្ចថា បើសិនជាមានអ្នកសារព័ត៌មានណាហ៊ានចុះផ្សាយ រូបគេនឹងដាក់ពាក្យបណ្តឹងចោទទៅលើអ្នកយកព័ត៌មាន ពីបទជំរឹតទាប្រាក់ពីរថយន្តដឹកបទល្មើស។
ទោះជាយ៉ាងណាយើងមិនអាចធ្វើការសុំបំភ្លឺ ពីលោក វុន វ៉ាន់ មន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែងបាននោះទេ។ ដោយឡែក បើតាមការរៀបរាប់ ពីមន្រ្តីនគរបាលស្រុកអន្លង់វែងម្នាក់សុំមិនបញ្ចេញឈ្មោះ ដែលបានចូលរួមក្នុងប្រតិបត្តិការណ៍នេះ បានអោយដឹងថា ករណីដោះលែងរថយន្តដឹងឈើខាងលើ លោកមិនបានដឹងនោះទេ លោកបានទៅឃើញមានសមត្ថកិច្ចជាច្រើន កំពុងឃាត់រថយន្តដឹកឈើពិតប្រាកដមែន ហើយលោកក៏បើករថយន្តចេញ ព្រោះប្រញាប់ទៅចែកអំណោយ៕






