ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានអះអាងយ៉ាងច្បាស់ថា តាកែវមិនមែនជាខេត្តគួរឱ្យភ័យខ្លាច ឬ មានអន្តិសុខសង្គមសម្រាប់ការរស់នៅ និងធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ ដូចការលើកឡើង នៅក្នុងបណ្តាញសង្គម ( ហ្វេសបុក) មួយចំនួនតូចនោះទេ ផ្ទុយទៅវិញខេត្តតាកែវ តាមរយៈការប្រឡងប្រណាំងភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងឆ្នាំ២០២២ បានជាប់ចំណាត់ថ្នាក់លេខ១ រហូតដល់ទៅ៦៤ឃុំ សង្កាត់ និងលេខ២ចំនួន៣៦ ឃុំ សង្កាត់ឯណ្ណោះ។
ឯកឧត្តមអភិបាលខេត្តតាកែវ បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស សូមកុំមានភ័យខ្លាចចំពោះខេត្តតាកែវ ដោយអាជ្ញាធរ បានថែរក្សាសុខសុវត្ថិភាពបានល្អជូនប្រជាពលរដ្ឋនៅគ្រប់និគម មិនដូចការផ្សព្វផ្សាយបង្អាប់បណ្តុះ ធ្វើឱ្យប៉ះពាល់កិត្តិយស កេរ្តិ៍ឈ្មោះនិងសេចក្តីសុខរបស់ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល តាមហ្វេសប៊ុក ក្នុងបំណងស្វែងរកផលប្រយោជន៍ពីការឡាច និងស៊ែរនោះទេ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី ភាពជោគជ័យសម្រេចបានរយៈពេល៥ឆ្នាំ របស់ខេត្តតាកែវ ដែលរៀបចំធ្វើដោយអង្គភាពអ្នកនាំពាក្សរាជរដ្ឋាភិបាលនាថ្ងៃទី០២ ខែមិនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូច ភា មានប្រសាសន៍ទទួលស្គាល់ ពីការកើតឡើងនូវបញ្ហាអសន្តិសុខមួយចំនួន បង្កឲ្យមានភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ ពិសេសករណីកើតឡើងថ្មីៗនេះ ដែលមានការប្រើអំពើហិង្សា បណ្ដាលឲ្យមានមនុស្សស្លាប់ ប៉ុន្តែរាល់ករណីដែលកើតឡើងទាំងនោះ អាជ្ញាធរមានសមត្ថកិច្ចបានសហការគ្នាយ៉ាងស្អិតរមួត បើកការស្រាវជ្រាវ និងឈានទៅបង្រ្កាប ចាប់បានជនសង្ស័យទាំងនោះ មកឱ្យតុលាការផ្តន្ទាទោសទៅតាមច្បាប។
ឯកឧត្តមអភិបាលបន្តថា ចំពោះករណីនេះ ទាំងអាជ្ញាធរ ឪពុកម្ដាយជនសង្ស័យ ឬក្រុមគ្រួសារជនរងគ្រោះ សុទ្ធសឹងតែមិនចង់ឲ្យកើតមានឡើង និងបានសម្ដែងនូវការសោកស្ដាយ ប៉ុន្តែយ៉ាងណា អាជ្ញាធរខេត្តកំពុងពង្រឹងចំពោះបញ្ហាសន្តិសុខនេះយ៉ាងខ្លាំងក្លាបំផុត។
បើតាមលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវបានឱ្យដឹងថា រយៈពេល៥ឆ្នាំ បទល្មើសព្រហ្មទណ្ឌនៅក្នុងខេត្ត កើតឡើងចំនួន ៩៩៥ករណី បង្រ្កាបជាក់ស្តែងបានចំនួន ៩៧៩ករណី ចាប់ខ្លួនបានចំនួន១ ១៧៦ នាក់ ស្មើនឹង ៩៨ភាគរយ បង្រ្កាបតាមដីកាបានចំនួន៨៦ដីកា។
បង្ក្រាបក្មេងទំនើងចំនួន៦៦ករណី ឃាត់ខ្លួនបានចំនួន១៩៣នាក់ ក្នុងនោះធ្វើកិច្ចសន្យាអប់រំចំនួន៥៧ករណី និងបញ្ជូនទៅតុលាការចំនួន៩ករណី ។ គួរបញ្ជាក់ផងដែរថា សភាពការណ៍សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈ នៅក្នុងភូមិសាស្ត្រខេត្តតាកែវ និងនៅតាមតំបន់ព្រំដែន មានភាពល្អប្រសើរ ដោយាសារខិតខំប្រឹងប្រែង បំពេញការងាររបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក និងគ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត៕ ដោយ៖ សំអាត និង ពិសិដ្