កាសែតអង់គ្លេស Daily Mail បានចុះផ្សាយនៅថ្ងៃសុក្រទី១៣មីនា ថា ប្រមុខវេជ្ជសាស្រ្តអ៊ីតាលី បានស្លាប់ដោយសារជំងឺកូវីដ១៩នៅអាយុ ៦៧ ឆ្នាំ ខណៈចំនួនអ្នកស្លាប់ក្នុងប្រទេសនេះបានកើនឡើងដល់ជាង ១.០០០ នាក់។
លោក Roberto Stella បានទទួលមរណភាពកាលពីថ្ងៃអង្គារ បន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺខ្សោយផ្លូវដង្ហើម ក្រោយគាត់ធ្វើរោគវិនិច្ឆ័យឃើញមានជំងឺកូវីដ១៩នៅទីក្រុង Como ប្រទេសអ៊ីតាលី។
សហព័ន្ធគ្រូពេទ្យជាតិនិងគ្រូពេទ្យទូទៅនៃប្រទេសអ៊ីតាលីបានចេញសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីដំណឹងកាន់ទុក្ខចំពោះការស្លាប់របស់លោកវេជ្ជបណ្ឌិត Stella។
សូមបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណានៅអ៊ីតាលីបានហក់ឡើងពីចំនួន ១៨៩ នាក់ដល់ ១.០៦១ នាក់ក្នុងរយៈពេល២៤ម៉ោង ពោលគឺកើនឡើង ២៣ ភាគរយ និងឆ្លងកើនឡើងពី ១២.៤៦២ ករណីដល់ ១៥.១១៣ ករណី ពោលគឺកើនឡើង ២១,៧ ភាគរយ៕
ប្រភព៖ Daily Mail