មន្ត្រីទទួលបន្ទុកផ្នែកជំនួយ របស់អង្គការសហប្រជាជាតិ (អ.ស.ប) បានជំរុញឱ្យអ៊ីស្រាអែលត្រូវតែមាន “សកម្មភាពបន្ថែម និងវិធានការណ៍ច្បាស់លាស់បន្ទាន់” ដើម្បីអនុញ្ញាតឱ្យជំនួយអាចមានលំហូរជានិរន្តរភាព ទៅកាន់តំបន់ហ្គាហ្សា ដើម្បីបើកលទ្ធភាពឲ្យបុគ្គលិកជំនួយត្រូវការសិទ្ធិចូលផ្គត់ផ្គង់ជំនួយដោយសុវត្ថិភាព និងពេញបរិបូរណ៍សម្រាប់ប្រជាជនចំនួន ២.៣លាននាក់។ អ្នកសម្របសម្រួលផ្នែកមនុស្សធម៌ និងកិច្ចការកសាងតំបន់ហ្គាហ្សាឡើងវិញរបស់ អ.ស.ប លោកស្រី ស៊ីករីដ ខាក (Sigrid Kaag) បានលើកឡើងកាលពីថ្ងៃពុធថា “ជារៀងរាល់ថ្ងៃការបំផ្លិចបំផ្លាញ និងភាពរងទុក្ខលំបាករបស់ប្រជាជនពិតជាមានទំហំធំធេងណាស់” ។
នៅក្នុងរបាយការណ៍គាំទ្រដោយ អ.ស.ប ដែលចេញផ្សាយនៅក្នុងខែមីនា បាននិយាយថា គ្រោះទុរ្ភិក្សធ្ងន់ធ្ងរនៅភាគខាងតំបន់ជើងហ្គាហ្សា ទំនងជានឹងកើតមានឡើងនៅខែឧសភា ហើយអាចរីករាលដាលពាសពេញតំបន់កំពុងមានជម្លោះ នៅខែកក្កដា។ លោកស្រីខាក (Kaag) បានអំពាវនាវឱ្យមានការបង្កើនវិធានការណ៍បន្ទាប់ ដើម្បីកែលម្អគុណភាព បរិមាណ និងការចែកចាយជំនួយ ដើម្បីអាចអនុញ្ញាតឱ្យការដឹកជញ្ជូនជំនួយមនុស្សធម៌ចូលទៅខាងក្នុងតំបន់ហ្គាហ្សា ប្រកបទៅដោយសុវត្ថិភាព និងគ្មានសកម្មភាពរារាំង ព្រមទាំងត្រៀមលក្ខណៈរៀបចំសម្រាប់ស្តារ និងកសាងតំបន់ឡើងវិញ។ ចាប់តំាងពីអ៊ីស្រាអែល បានបើកប្រតិបត្តិការសងសឹកទៅលើក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាកាលពីដើមខែតុលា ឆ្នាំ២០២៣ រហូតមកទល់នឹងពេលនេះ បានបណ្តាលឱ្យប្រជាជនប៉ាឡេស្ទីនជាង ៣៤,០០០ នាក់ស្លាប់ នេះបើយោងតាមតួលេខចុងក្រោយរបស់មន្ត្រីសុខាភិបាលតំបន់ហ្គាហ្សា ៕