ស្ពានអាកាសថ្មី ត្រូវបានតភ្ជាប់ខ្សែមេពីមហាវិថីសម្តេច ហ៊ុន សែន ទៅមហាវិថីព្រះមុនីវង្ស ដែលនឹងស្នើរសុំសម្ដេចធិបតីហ៊ុន ម៉ាណែត ដើម្បីប្រសិទ្ធនាមឈ្មោះ ស្ពានអាកាស មរតកតេជោ
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ ស្ពានអាកាសថ្មី ដែលបាននិងកំពុងសាងសង់នៅចំណុចក្បាលថ្នល់ ស្ថិតនៅខណ្ឌចំការមន និង ខណ្ឌមានជ័យ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញដែលមានកម្ពស់៣ជាន់ខាងលើនេះ នឹងស្នើរសុំទៅប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីសុំប្រសិទ្ធនាមឈ្មោះស្ពាននេះថា ស្ពានអាកាស មរតកតេជោ ។ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញតភ្ជាប់ស្ពានអាកាសដ៏ប្រណិតនេះ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។ ស្ពានអាកាសថ្មីនេះ សម្រេចបានលើការសាងសង់ ក្នុងដំណាក់កាលទី១ ហើយ ពោលគឺ៧៤ថ្ងៃទៀតនឹងសុំទៅសម្ដេច ហ៊ុន ម៉ាណែត ដើម្បីប្រកាសដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន ដើម្បីអោយប្រជាពលរដ្ឋ បានធ្វើដំណើរឆ្លងកាត់ កាត់បន្ថយបាននូវការកកស្ទះចរារចរ។ ខណៈដាក់ឲ្យប្រើប្រាស់ស្ពានអាកាសនេះជាបណ្ដោះអាសន្ន គម្រោងទី ២នឹងបន្តសាងសង់ នៅជាន់ផ្ទាល់ដី និងជាន់ទី១បន្តទៀត។
ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ ស្ពានអាកាសថ្មីនេះ នឹងដោះស្រាយបាននៅលំហូរចរាចរណ៍ ពីខេត្តកណ្ដាល ឆ្លងកាត់មហាវិថី ហ៊ុន សែន ពីព្រលានយន្តហោះថ្មី ខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញ និងទី២ទៀត អាចកាត់បន្ថយបាន នូវការកកស្ទះចរាចរណ៍ នៅតាមបណ្ដោយផ្លូវជាតិ១ ចូលមករាជធានីភ្នំពេញផងដែរ។ចំពោះកំណត់ផ្លូវជាតិលេខ១ក្រោយពីដាក់ឲ្យប្រើប្រាស់ស្ពានបេតុងឆ្លងកាត់ទន្លេបាសាក់ពី កោះនរា មកកោះពេជ្រ ឃើញថា ស្ថានភាពចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិលេខ១ ចូលមករាជធានីភ្នំពេញ ដោះស្រាយបានប្រមាណ៥០% ពិសេស ដោះស្រាយសារាចរណ៍ ពីស្រុកលើកដែក ខេត្តកណ្ដាលនិងពីខេត្តព្រៃវែងក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌច្បារអំពៅផងដែរ ។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ទៀតថា នេះជាការគិតគូររបស់រាជរដ្ឋាភិបាលនឹងកសាងស្ពានបេតុងថ្មីមួយកន្លែងទៀត នោះគឺស្ពានព្រែកប្រា ដែលស្ពាននេះនឹងប្រើប្រាស់ថវិកាជាតិ។ ស្ពានព្រែកប្រានេះ ពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ ក្នុងការរំដោះចរាចរណ៍ពីព្រែកប្រាមកទិសខាងលិច មកផ្លូវ២១៧ បន្តមកផ្លូវក្រវ៉ាត់ក្រុងទី៣ បន្តទៅផ្លូវល្បឿន លឿនឆ្ពោះទៅខេត្តព្រះសីហនុ។ ឯកឧត្ដម ឃួង ស្រេង នូវបានបញ្ជាក់ទៀតថា វិស្វករដែលបាននិងកំពុងសាងសង់ស្ពានអាកាសថ្មីនេះ គឺជាវិស្វកររបស់ខ្មែរសុទ្ធសាធ ដែលបណ្ដុះបណ្ដាលនៅកម្ពុជា រហូតក្លាយជាវិស្វករ ក្រោមការដឹកនាំប្រទេសរបស់សម្ដេចតេជោ ហ៊ុនសែន ។ ពីមុនយើងពឹងគេលើជំនាញការបរទេសខ្លះ ប៉ុន្តែពេល នេះកូនខ្មែរយើងអាចធ្វើបានហើយ។ កម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់ ដើម្បីអភិវឌ្ឍប្រទេសខ្លួនឯងបាន។ បីជាយ៉ាងណាក្តី យើងក៏មិនបោះបង់ចោលនៅបច្ចេកទេសរបស់ពិភពលោកបានដែរ។ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានសូមឱ្យប្រជាពលរដ្ឋ ជឿទុកចិត្តទៅលើការដឹកនាំរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែត ដោយសម្ដេចនិងបន្តរក្សា មរតករបស់សម្ដេចតេជោ និងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗទៀត ជូនជាតិមាតុភូមិ។ សម្ដេច ហ៊ុន ម៉ាណែត បានប្តេជ្ញាចិត្តរក្សាឲ្យបាននូវសន្តិភាព ដើម្បីឲ្យកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ។
សូមបញ្ជាក់ថា៖ ស្ពានអាកាសទី៨នេះ សាងសង់ ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅ ផ្លូវលេខ២៧១ ក្នុងទឹកដីខណ្ឌ ចំការមន និងខណ្ឌមានជ័យ ដោយគ្រោងចំណាយថវិកាជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់៣៦ខែ។
គួរបញ្ជាក់ដែរថា៖ បច្ចុប្បន្ននេះ នៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៧ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់ រួមមាន ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស៧មករា ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៥មករា ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា ស្ពានអាកាស ផ្សារដីហ៊ុយ ស្ពានអាកាសចោមចៅ និងស្ពានអាកាសលើផ្លូវជាតិលេខ៥ ខណ្ឌឬស្សីកែវ៕ ដោយ៖ សំអាត និង ពិសិដ្ឋ






