ខេត្តកណ្តាល,ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០៖ រយះពេលតែ៧ថ្ងៃប៉ុណ្ណោះនគរបាលជំនាញក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រីឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ចុះប្រតិបត្ដិការស្រាវជ្រាវរហូតបំបែកសំណុំរឿងករណីឃាតកម្ម ឈានដល់ចាប់ខ្លួនជនដៃដល់ជាប៉ូលិសប៉ុស្ដិ៍រដ្ឋបាលបាក់ខែងបានហើយ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ នៅឯខេត្ដស្ទឹងត្រែង ជាប់ព្រំប្រទល់ខេត្ដព្រះវិហារ ក្រោយពីជនដៃដល់រូបនេះព្យាយាមរត់គេចខ្លួនអស់រយៈពេល៧ថ្ងៃ ។
លោកឧត្ដមសេនីយ៍ត្រីឈឿន សុចិត្ត បានឲ្យដឹងថា ជនដៃដល់ឈ្មោះ សែន រ៉ានុន ភេទ ប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មន្ត្រី នគរបាលប៉ុស្តិ៍រដ្ឋបាល បាក់ខែង ។
ចំណែកជនរងគ្រោះឈ្មោះ ម៉ៅ ប៊ុនហេង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ។
ជនសង្ស័យនិងជនរងគ្រោះត្រូវជាបងប្អូនថ្លៃ(សាច់ថ្លៃ)នឹងគ្នា មានទីលំនៅភូមិឃុំកើតហេតុ ។
រហូតមកដល់នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល សហការជាមួយប៉ូលិសនៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល និងប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្ដស្ទឹងត្រែង ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល ធ្វើការស្រាវជ្រាវ រហូតបំបែកសំណុំរឿងចាប់ខ្លួនជនដៃដល់ នៅខេត្ដស្ទឹងត្រែង ជាប់ព្រំប្រទល់ខេត្ដព្រះវិហារ ក្រោយពីជនដៃដល់រូបនេះព្យាយាមរត់គេចខ្លួនអស់រយៈពេល៧ថ្ងៃ បន្ទាប់ពីបាញ់ប្រហាប្អូនថ្លៃខ្លួនឯង បណ្ដាលឲ្យបាត់បង់ជីវិតក្នុងថ្លុកឈាមគួរឲ្យរន្ធត់ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០វេលាម៉ោង១៨និង៣០នាទី ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនមកកាន់ស្នងការដ្ឋាននករបាលខេត្ដ កណ្ដាល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕






