មន្ត្រីអាមេរិកបាននិយាយថា ទាហានអាមេរិកម្នាក់ដែលត្រូវបានឃុំខ្លួន បន្ទាប់ពីឆ្លងចូលទៅក្នុងប្រទេសកូរ៉េខាងជើង កាលពី ២ខែមុន បានត្រលប់មកមន្ទីរឃុំឃាំងរបស់អាមេរិកវិញ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបាននិយាយថា Travis King នឹងត្រូវនិរទេស។
នៅក្នុងសេចក្តីថ្លែង ការណ៍មួយកាលពីថ្ងៃពុធ ដែលបញ្ជាក់ពីរបាយការណ៍ព័ត៌មានមុននេះ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក Jake Sullivan បាននិយាយថា មន្ត្រីសហរដ្ឋអាមេរិកបាន “ធានាការត្រឡប់មកវិញ” របស់ទាហានអាមេរិក។ “យើងសូមកោតសរសើរចំពោះការលះបង់របស់ក្រុមអន្តរការី ដែលបានធ្វើការដោយមិននឿយហត់ ចំពោះការព្រួយបារម្ភ សុខុមាលភាពរបស់Travis King ។
លោក Sullivan បាននិយាយថា “លើសពីនេះ យើងសូមអរគុណដល់រដ្ឋាភិបាលនៃប្រទេសស៊ុយអែត សម្រាប់តួនាទីការទូតរបស់ខ្លួន និងរដ្ឋាភិបាលនៃសាធារ ណរដ្ឋប្រជាមានិតចិន សម្រាប់ជំនួយរបស់ខ្លួនក្នុងការសម្រួលដល់ការធ្វើដំណើរឆ្លងកាត់។
ទីភ្នាក់ងារសារព័ត៌មាន Associated Press បានរាយការណ៍ជាលើកដំបូងនៅព្រឹកថ្ងៃពុធថា Travis King កំពុងស្ថិតក្នុងការឃុំឃាំងរបស់សហរដ្ឋអាមេរិក ប៉ុន្មានម៉ោងបន្ទាប់ពីទីភ្នាក់ងារសារព័ត៌មានកូរ៉េផ្លូវការរបស់កូរ៉េខាង ជើង KCNA បាននិយាយថា អាជ្ញាធរបានបញ្ចប់ការសាកសួរTravis King ហើយ។
មន្ត្រីអាមេរិក ដែលមិនបញ្ចេញឈ្មោះម្នាក់ បានប្រាប់ AP ថា King ត្រូវបានផ្ទេរទៅមន្ទីរឃុំឃាំងរបស់អាមេរិកក្នុងប្រទេសចិន។
គួរបញ្ជាក់ថារបាយការណ៍មុនរបស់ KCNA បាននិយាយថា King បានសារភាពថា បានចូលកូរ៉េខាង ជើងដោយខុសច្បាប់ ដោយ សារតែគាត់មាន”អារម្មណ៍មិនល្អប្រឆាំងនឹងការបៀតបៀនអមនុស្សធម៌ និងការ រើសអើងពូជសាសន៍” នៅក្នុងកងទ័ពសហរដ្ឋអាមេរិក។
បន្ទាប់ពីបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួន” ស្ថាប័នពាក់ព័ន្ធរបស់កូរ៉េខាងជើងបានសម្រេចចិត្តបណ្តេញ Travis King ចេញពីប្រទេស៕
ប្រែសម្រួលដោយ ប៊ុន សុភាព






