ក្រុមការងារព្រៃឈើនៃអាជ្ញាធរជាតិអប្សរា កាលពីម្សិលមិញ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន នគរបាលការពារបេតិកភណ្ឌ និងមន្រ្តីឧទ្យាននុរក្សតំបន់ការពារទេសភាពអង្គរ បានចូលរួមដាំកូនឈើឡើងវិញនៅតំបន់ដែលរងការកាប់ទន្រ្ទានខុសច្បាប់ ដែលស្ថិតនៅខាងលិចប្រាសាទមេបុណ្យ ក្នុងភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ ក្រុង-ខេត្ត សៀម រាប។
ដើមឈើដែលដាំនៅពេលនោះរួមមាន ដើមធ្នង់ ៥០ ដើម ដើមគ្រញូង៥០ដើម និងដើមបេងចំនួន៤០ដើម។
គួរបញ្ជាក់ថា កន្លងមកព្រៃឈើក្នុងឧទ្យានអង្គររងការកាប់ទន្រ្ទានខុសច្បាស់ពីប្រជាពលរដ្ឋមួយចំនួនសម្រាប់ការ ពង្រីកផ្ទៃដីចម្ការ និងមួយចំនួនពីអ្នកចំណូលថ្មី។
យ៉ាងណា អាជ្ញាធរជាតិអប្សរាដោយមានកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន បានខិតខំយ៉ាងស្វិតស្វាញ ក្នុងន័យទប់ស្កាត់មិនឱ្យបទល្មើសទាំងនេះរីករាលដាលកាន់តែខ្លាំង។
ជាមួយគ្នានេះ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានចុះដាំកូនឈើឡើងវិញ ក្នុងន័យបំពេញចន្លោះដែលបានបាត់បង់ ដើម្បីបង្កើនគម្របព្រៃឈើឡើងវិញក្នុងព្រៃនៃឧទ្យានអង្គរ៕
ប្រភពពីអាជ្ញាធរជាតិអប្សរា
សំ វណ្ណា






