សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចទាំងស្រុងយ៉ាងដូច្នេះថា «អបអរសាទរបុណ្យ «រុក្ខទិវា» ០៩ កក្កដា ឆ្នាំ២០២០។ បុណ្យ «រុក្ខទិវា» ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបរមរតនកោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងអោយប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេស ដើម្បីបណ្តុះគំនិតថែរក្សា ការពារ និងគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិរបស់ប្រទេស។
សូមបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងចូលរួមស្រឡាញ់ថែរក្សាការពារព្រៃឈើ នឹងចូលរួមដាំដុះ កូនឈើថែរក្សាការពារបរិស្ថានធម្មជាតិឲ្យបានគង់វង្សនៅគ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍ ដល់ការរស់នៅរបស់ខ្លូនយើងផង សហគមន៍យើងផង និងជីវិតសត្វព្រៃគ្រប់ប្រភេទផង ព្រមទាំងប្រព័ន្ធជីវៈចម្រុះជាច្រើនផងដែដែលជាសម្បត្តិរបស់មនុស្សជាតិនៅគ្រប់ជំនាន់។
សូមជម្រាបថា ថ្ងៃទី០៩ ខែកក្កដា ជាថ្ងៃដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតែប្រារព្ធពិធី «រុក្ខទិវា » ជារៀងរាល់ឆ្នាំ ក្រោមព្រះរាជវត្តមានដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់សព្វព្រះរាជហឬទ័យឆ្លៀត ព្រះវរោកាសដ៏មានតម្លៃយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធី «រុក្ខទិវា» នេះ។
ប៉ុន្តែក្នុងឆ្នាំនេះ ដោយសារហានិភ័យនៃការរាលដាលនៃជំងឺឆ្លងកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចឱ្យផ្អាកការរៀបចំព្រះរាជពិធីដ៏ឧត្តុង្គឧត្តម និងមានអត្ថន័យនេះ៕






