(ខេត្តព្រៃវែង,ថ្ងៃ២៧ ខែ មេសា ឆ្នាំ២០២០)៖ តៃកុងឡានរត់តាក់ស៊ីម្នាក់ ត្រូវសមត្ថកិច្ចនគរបាលរដ្ឋបាលឃុំច្រេសឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះជាអ្នកដំណើរម្នាក់ចោទប្រកាន់ពីបទរំលោភសេពសន្ថវ:បានសម្រេច។
តាមពាក្យបណ្ឌឹងរបស់ស្ត្រីរងគ្រោះឈ្មោះ ឆូយ ខី អាយុ៣៣ឆ្នាំមានទីលំនៅភូមិតាទ្រូ ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង បានប្តឹងចោទប្រកាន់ទៅលើឈ្មោះ ខុន រិត ភេទប្រុសអាយុ២៩ឆ្នាំមានទីលំនៅភូមិបឹង ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង មុខរបរតៃកុងរថយន្តតាក់ស៊ីដឹកអ្នកដំណើរពីភ្នំពេញ-មេសាង បានធ្វើសកម្មភាពចាប់បង្ខំខ្លួនរំលោភសេពសន្ថវ:រហូតបានសម្រេចនៅលើរថយន្តរបស់ជនសង្ស័យ កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នៅចំណុចផ្លូវលំកន្លែងវាលស្រែស្ងាត់ ស្ថិតក្នុងភូមិប្រហ៊ារ ឃុំច្រេស ស្រុកមេសា ក្រោយពីដាក់អ្នកដំណើរផ្សេងទៀតចុះអស់ នៅសល់តែរូបខ្លួននិងតៃកុងឡានជាជនសង្ស័យ។បន្ទាប់ពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងជំនាញនគរបាលស្រុកចុះសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ធបាលឃុំច្រេស បើកការស៊ើបអង្កេតស្រាវជ្រាវរហូតឈានដល់ធ្វើការនាំខ្លួនជនសង្ស័យឈ្មោះ ខុន រិត រួមជាមួយវត្ថុតាងរថយន្ត១គ្រឿង នៅវេលាម៉ោង១២និង៤៣នាទីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០2020 យកមកសាកសួរនៅប៉ុស្តិនគរបាលច្រេស។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានចាប់បង្ខំនារីរងគ្រោះឈ្មោះ ឆួយ ខី រំលោភសេពសន្ថវ:នៅលើរថយន្តរបស់ខ្លួនបានសម្រេចប្រាកដមែន កាលពីយប់ថ្ងៃ 25/4/2020 កន្លងទៅ ដោយសារជនរងគ្រោះជិះរថយន្តរបស់ខ្លួនពីភ្នំពេញ មកស្រុកកំណើតភូមិតាទ្រូ ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។
បន្ទាប់សាកសួររួចជនសង្ស័យ ខុន រិត និងវត្ថុតាងរថយន្តបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តនីតិវិធីដើម្បីបញ្ជូនទៅការិយាល័យ ជំនាញស្នងការដ្ឋានន/បខេត្តចាត់ការតាមច្បាប់៕






