ការងារដំឡើងគ្រឹះថ្មីរបស់ប្រាសាទជមបានសម្រេច៨០ ភាគរយហើយ ដោយក្នុងនោះបានជួសជុលថ្មដែលខូចគុណភាព សម្រង់ប្លង់ថ្មនីមួយៗ បានផ្គុំហោជាង និងកំពូលផ្កាឈូកចេញជារូបរាង ឡើងវិញបានមួយចំនួន និងបានបញ្ចប់គូសប្លង់ រូបភាពទាំងបួនទិស។ ការដំ ឡើងគ្រឹះថ្មីរបស់ប្រាសាទជម ត្រូវបានក្រុមការងារនៃអាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារសហ ប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA)តាមរយៈមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ(KCHF) ដោយអនុវត្តតាមបច្ចេកទេសអាណាស្ទីឡូសឱ្យមានភាពប្រសើរឡើង វិញ។
ស្ថាបត្យករកូរ៉េ ដែលកំពុងអនុវត្តគម្រោងជួសជុលប្រាសាទជម លោក EO JINKYU បានឱ្យដឹងថា នេះគឺជាដំណាក់កាលនៃការត្រូវពង្រឹងគ្រឹះនៃប្រាសាទ ដែលត្រូវរៀបខឿនទាំងបីស្រទាប់របស់ប្រាសាទឡើងវិញជាមុនសិន បន្ទាប់មក ទើបអាចរៀបចំផ្នែកខាងក្នុងនៃគ្រឹះ។ ក្នុងការរៀបចំគ្រឹះនេះ សម្រាប់កន្លែងណាដែលមានថ្មបាយក្រៀមចាស់ ដែលនៅល្អមានគុណភាពរឹង មាំ គឺត្រូវរក្សាទុកដដែល ប៉ុន្តែ សម្រាប់កន្លែងដែលមានថ្មបាយក្រៀមពុកផុយ អស់គុណភាព គឺត្រូវប្ដូរជំនួសដោយថ្មបាយក្រៀមថ្មី។
លោក EO JINKYU បានបន្តថា ការជួសជុលប្រាសាទជម មានបញ្ហាលំបាកច្រើន ដោយសារស្ថានភាពប្រាសាទខូចខាតធ្ងន់ធ្ងរ ដូចជា ថ្មមានការខូចខាតច្រើន ទាមទារឱ្យជួសជុលឡើងវិញ។ ថ្មខ្លះជាប្រភេទថ្មប្រើប្រាស់ឡើងវិញដែលដូនតាបានយកពីប្រាសាទផ្សេងៗ ធ្វើឱ្យពិបាករកថ្មផ្គុំឡើងវិញ និងការពិបាកកំណត់ទីតាំងដើមនៃថ្មជាដើម។ ទោះជាយ៉ាងណាក្តី ក្នុងរយៈ ពេល៧ខែចុងក្រោយនេះ ក្រុមការងារបានខិតខំប្រឹង ប្រែងដំឡើងគ្រឹះថ្មីរបស់ប្រាសាទជមបាន៨០ភាគរយ ជួសជុលថ្មដែលខូចគុណ ភាព សម្រង់ប្លង់ថ្មនីមួយៗ បានផ្គុំហោជាង និងកំពូលផ្កាឈូកចេញជារូបរាង ឡើងវិញបានមួយចំនួន និងបានបញ្ចប់គូសប្លង់ រូបភាពទាំងបួនទិសហើយ។ គម្រោងជួសជុលប្រាសាទជម បានចាប់ផ្តើមតាំងពីឆ្នាំ២០១៩ ហើយត្រូវបានផ្អាកមួយរយៈពេល ដោយ សារតែការរីករាលដាលនៃជំងឺកូវីដ-១៩។ ប៉ុន្តែកាលពីឆ្នាំ២០២១ គម្រោងជួសជុល បានចាប់ផ្តើមឡើងវិញ ហើយបន្តរហូតមកដល់បច្ចុប្បន្ន ៕