សហរដ្ឋអាមេរិក បានស្នើឱ្យអូស្ត្រាលីធ្វើបត្យាប័នអតីតទាហានជើងទឹកម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទបំពាន ច្បាប់គ្រប់គ្រងអាវុធរបស់អាមេរិក តាមរយៈការបណ្តុះ បណ្តាលអ្នកបើកយន្តហោះចម្បាំងចិន។ លោក ដានីញែល ដកហ្គេន (Daniel Duggan) ដែលជាអតីតពលរដ្ឋអាមេរិក ត្រូវជាប់ឃុំតាំងពីការចាប់ខ្លួននៅអូស្ត្រាលីក្នុងខែតុលា។ លោកនិយាយថា ខ្លួនមិនបានបំពានច្បាប់ណា មួយទេ ហើយមេធាវីរបស់លោកអះអាងថា ការចោទ ប្រកាន់នេះមានហេតុផលដែលទាក់ទងនឹងនយោបាយ។
អតីតអ្នកបើកយន្តហោះ ដែលបច្ចុប្បន្នជាពលរដ្ឋអូស្ត្រាលី បានបោះបង់សញ្ជាតិអាមេរិករបស់គាត់ ត្រូវបានចាប់ខ្លួនកាលពីពីរខែមុន នៅទីក្រុងOrange រដ្ឋញូសៅ វល (New South Wales) តាមសំណើរបស់សហរដ្ឋអាមេរិក។ មេធាវីរបស់លោក និយាយថា អូស្ត្រាលីគួរតែប្រឆាំងនឹងការធ្វើបត្យាប័ន ព្រោះវាមិនមានតម្លៃស្មើនឹងការចោទប្រកាន់នៅក្នុងច្បាប់របស់អូស្ត្រាលីឡើយ។ យ៉ាងណាមិញបញ្ហារបស់លោក (ដកហ្គេន) Duggan នឹងត្រលប់ទៅតុលាការក្រុងស៊ីដនីវិញនៅថ្ងៃទី២០ ខែធ្នូ ប្រាំថ្ងៃមុនថ្ងៃផុតកំណត់របស់រដ្ឋាភិបាលអូស្ត្រាលីក្នុងការសម្រេចចិត្តលើសំណើធ្វើបត្យាប័ននេះ៕
ប្រែសម្រួលដោយ: ជ ង៉ា






