អគ្គលេខាធិការអាស៊ាន ឯកឧត្តមបណ្ឌិត កៅ គឹម ហួន លើកទឹកចិត្តបេឡារុសបន្តធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសមាជិកអាស៊ាន ដើម្បីបង្កើនធុរកិច្ច និងការវិនិយោគ
ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអនុញ្ញាតឱ្យឯកឧត្តម វ៉ាលឺរី កូឡេសនីក (Valery Kolesnik) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបេឡារុស ប្រចាំអាស៊ាន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី
នៅក្នុងជំនួបនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានលើកទឹកចិត្តឱ្យបេឡារុសបន្តធ្វើការងារយ៉ាងជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ានទាំងអស់ ដើម្បីបង្កើនធុរកិច្ច និងការវិនិយោគ នៅក្នុងតំបន់ទាំងពីរ ធ្វើការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាពិសេសក្នុងចំណោមយុវជនវ័យក្មែង ព្រមទាំង នាំយកវិស័យផ្សេងៗដែលជាចំណុចខ្លាំងរបស់បេឡារុស មកកាន់តំបន់អាស៊ាន។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយប្រទេសសមាជិកអាស៊ានទាំងអស់ តាមរយៈលេខាធិការដ្ឋានអាស៊ាន ហើយបានរំលេចឡើងថា សន្តិភាព វិបុលភាព ការអភិវឌ្ឍ សេដ្ឋកិច្ច និងអ្នកជំនាន់ក្រោយ គឺជាអ្វីដែលអាស៊ាន និងបេឡារុស ត្រូវយកចិត្តទុកដាក់៕






