សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយយោធាបន្ថែម ចំនួន១.៨៥ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន រួមទាំងការផ្ទេរប្រព័ន្ធការពារអាកាស ផេទ្រាត (Patriot) នេះយោងទៅតាមប្រធានាធិបតី ចូ បៃដិន និងរដ្ឋមន្ត្រីការបរទេស អានតូនី ប្លីងខេន (Antony Blinken) បាននិយាយកាលពីថ្ងៃពុធ។
សេចក្តីប្រកាសនេះបានធ្វើឡើងនៅពេល ដែលប្រធានាធិបតីអ៊ុយក្រែន លោកវ៉្លូឌីមែរ ហ្សេឡេនស្គី បានមកដល់ទីក្រុងវ៉ាស៊ីនតោន សម្រាប់ដំណើរទស្សនកិច្ចនៅក្រៅប្រទេសជាលើកដំបូងចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែនបានចាប់ផ្តើមកាលពី ៣០០ថ្ងៃមុន។
លោក បៃដិន បានស្វាគមន៍លោកហ្សេឡេនស្គីមកកាន់សេតវិមានសម្រាប់កិច្ចប្រជុំទ្វេភាគីកាលពីថ្ងៃពុធដោយសន្យាថាសហរដ្ឋអាមេរិកនឹង បន្តពង្រឹងសមត្ថភាពការពារខ្លួនរបស់អ៊ុយក្រែន ជាពិសេសការការពារដែនអាកាស។
ជំនួយនេះរួមបញ្ចូលទាំងការដកប្រាក់ចំនួន ១ពាន់លានដុល្លារ ដើម្បីផ្តល់ឱ្យអ៊ុយក្រែននូវសមត្ថភាពការពារដែនអាកាស និងសមត្ថភាពវាយប្រហារដ៏ជាក់លាក់ និង៨៥០លានដុល្លារជាជំនួយសន្តិសុខ។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយហ្សេឡេនស្គី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ការសន្យារបស់សហរដ្ឋអាមេរិកក្នុងការផ្តល់ប្រព័ន្ធ ផេទ្រាត (Patriot) គឺជាជំហានដ៏សំខាន់ក្នុងការបង្កើតខែលការពារអាកាស ដ៏មានប្រសិទ្ធភាព។
ផេទ្រាត ត្រូវបានចាត់ទុកថាជាប្រព័ន្ធការពារដែនអាកាសដ៏ទំនើបបំផុតមួយរបស់សហរដ្ឋអាមេរិកនិងផ្តល់ការការពារប្រឆាំងនឹងយន្តហោះនាវា និងមីស៊ីលផ្លោង។ វារួមបញ្ចូលជាមួយនឹងរ៉ាដានិងយានជំនិះជំនួយផ្សេងទៀត៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






