នៅព្រឹកថ្ងៃចន្ទ ៨ កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៤ នៅលេខាធិការ ដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអនុញ្ញាតឱ្យ បណ្ឌិត Nuki Agya Utama នាយកប្រតិបត្តិមជ្ឈមណ្ឌលថាមពលអាស៊ាន (ACE) ដែលចប់អាណត្តិ ចូលជួបពិភាក្សាការងារ និងជម្រាបលា។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការងារដ៏មានសារៈសំខាន់ដែលកំពុងបន្តរបស់ ACE ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន នៅក្នុងសន្តិសុខ និងនិរន្តភាពថាមពល ចំពេលដែលតម្រូវការថាមពលកំពុងកើនឡើងនៅក្នុងតំបន់។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈស្តីពីទិសដៅអនាគតនៃគំនិតផ្តួចផ្តើមថាមពលរបស់អាស៊ានផងដែរ។






