ឯកឧត្តម Raman Ramanouski ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋបេឡារុសប្រចាំអាស៊ាន បានជូនសារតាំងដល់ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ានបានស្វាគមន៍ និងអបអរសាទរ ឯកឧត្តម Raman Ramanouski សម្រាប់ការចាប់ផ្តើមភារកិច្ច ហើយបានបញ្ជាក់ឡើងវិញនូវការត្រៀមខ្លួនរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត ព្រមទាំងស្ថានទូតបេឡារុសនៅទីក្រុងហ្សាការតា។
ជាការឆ្លើយតប ឯកឧត្តម Raman Ramanouski បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់បេឡារុស ក្នុងការបង្កើតទំនាក់ទំនងជាមួយអាស៊ាន និងប្រទេសសមាជិកអាស៊ាន តាមរយៈវត្តមានផ្នែកការទូតរបស់បេឡារុស នៅក្នុងតំបន់។
ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏បានលើកទឹកចិត្តឱ្យឯកឧត្តមឯកអគ្គរដ្ឋទូត ចូលរួមធ្វើការជាមួយសហគមន៍ការទូត ក្នុងទីក្រុងហ្សាការតា ជាពិសេស ជាមួយស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសសមាជិកអាស៊ានប្រចាំអាស៊ាន។
ភាគីទាំងពីរបានកត់សម្គាល់ពីសារៈសំខាន់នៃការរិះរកកិច្ចសហប្រតិបត្តិការបន្ថែម ដូចជា ការបង្កើនការចូលរួមរបស់វិស័យឯកជន ព្រមទាំងការពង្រឹងទំហំពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍សម្រាប់ផលប្រយោជន៍ទៅវិញទៅមក ជាដើម។
ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានមានប្រសាសន៍ថា អាស៊ានទន្ទឹងធ្វើការជាមួយបេឡារុស ក្នុងវិស័យដែលមានចំណាប់អារម្មណ៍ទៅវិញទៅមក ដែលបេឡារុសមានជំនាញ និងភាពខ្លាំង។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា ថ្ងៃនេះ ខ្ញុំមានកិត្តិយសដែលបានជូនសារតាំងដល់អគ្គលេខាធិការអាស៊ាន។
សាធារណរដ្ឋបេឡារុស មានចំណាប់អារម្មណ៍ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយអាស៊ាន និងប្រទេសសមាជិក ក្នុងវិស័យផ្សេងៗ ដូចជា ពាណិជ្ជកម្ម ការវិនិយោគ ឧស្សាហកម្ម សន្តិសុខស្បៀង និងទេសចរណ៍ ជាដើម។ ខ្ញុំទន្ទឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយលេខាធិការដ្ឋានអាស៊ាន និងប្រទេសសមាជិកអាស៊ាន ដើម្បីបង្កើនកិច្ចសន្ទនា និងការចូលរួម រវាងបេឡារុស និងអាស៊ាន សម្រាប់ប្រយោជន៍របស់ប្រជាជនយើង។
សូមជម្រាបជូនថា ឯកឧត្តម Raman Ramanouski គឺជាឯកអគ្គរដ្ឋទូតទី ៣ របស់សាធារណរដ្ឋបេឡារុសប្រចាំអាស៊ាន។






