ប្រធានាធិបតីអេហ្ស៊ីប បាននិយាយកាលពីថ្ងៃអាទិត្យ ២៧ តុលា ថា ទីក្រុងគែរ ស្នើឱ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា រយៈពេលខ្លីដោយមានការផ្លាស់ប្តូរចំណាប់ថ្នូរអ៊ីស្រាអែល ៤នាក់ ជាមួយនឹងអ្នកទោសមួយចំនួន ខណៈការវាយប្រហារដែលកំពុងបន្តរបស់យោធាអ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងតិច ៤៥នាក់ទូទាំងតំបន់ហ៊ុមព័ទ្ធនេះ។
មេដឹកនាំអេហ្ស៊ីប លោក អាបឌែល ហ្វាតា អាល់-ស៊ីស៊ី (Abdel Fattah al-Sisi) បានធ្វើសេចក្តីប្រកាសបែបនេះ ក្នុងពេលដែលកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមមានរយៈពេលមួយឆ្នាំ បានបន្តឡើងវិញនៅក្នុងប្រទេសកាតា ដោយមាននាយក CIA របស់អាមេរិក និងទីភ្នាក់ងារស៊ើបការណ៍ ម៉ូសាដ (Mossad) របស់អ៊ីស្រាអែលចូលរួម។
ថ្លែងជាមួយប្រធានាធិបតីអាល់ហ្សេរី ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងគែរ លោក Sisi ក៏បានលើកឡើងផងដែរថា កិច្ច ពិភាក្សាបន្ថែមនឹងបន្តក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីការអនុវត្តបទឈប់បាញ់បណ្តោះអាសន្ននោះ ក្នុងកិច្ចខិតខំប្រឹងប្រែងថ្មីទៀតដើម្បីឈានដល់បទឈប់បាញ់អចិន្ត្រៃយ៍។
អ៊ីស្រាអែលបាននិយាយរួចហើយថា សង្គ្រាមមិនអាចបញ្ចប់បានទេ លុះ ត្រាតែក្រុមហាម៉ាសត្រូវបានលុបបំបាត់ក្នុងនាមជាកម្លាំងយោធា និងអង្គភាពគ្រប់គ្រងនៅហ្កាហ្សា៕






