ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំពិធីបើកការដ្ឋានលើកកម្រិតគុណភាព និងជួសជុលផ្លូវផ្លូវជាតិលេខ៧៣ និងផ្លូវខេត្តក្នុងភូមិសាស្ត្រខេត្តក្រចេះចំនួន ២ខ្សែ នាព្រឹកថ្ងៃអង្គារទីនេះ ក្រោមអធិបតីលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា គម្រោងលើកកម្រិតគុណភាព និងជួសជុលថែទាំកំណាត់ផ្លូវជាតិ ១ខ្សែ និងផ្លូវខេត្ត ២ខ្សែ ក្នុងខេត្តក្រចេះ មានប្រវែងសរុបចំនួន ៩៨គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ៤០លានដុល្លារ ក្រោមក្របខ័ណ្ឌឥណទានសម្បទានរបស់ធនាគារពិភពលោក រួមទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះ ស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ គម្រោងផ្លូវទាំង ៣ខ្សែនេះគ្រោងធ្វើឡើងក្នុងរយៈពេល ១៨ខែ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រំពឹងទុកថា ផ្លូវជាតិ និងផ្លូវខេត្តចំនួន៣ខ្សែនេះ នឹងចូលរួមលើកកម្ពស់ការតភ្ជាប់ប្រទាក់ ក្រឡា ជាមួយបណ្តាញផ្លូវជាតិសំខាន់ៗ ឆ្ពោះទៅរាជធានី និងតំបន់ព្រំដែន។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តចាត់ទុកវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ជាវិស័យអាទិភាព និងជាតម្រូវការចាំបាច់ដ៏សំខាន់មួយ ក្នុងចំណោមវិស័យអាទិភាពទាំង៤ រួមមាន៖ មនុស្ស ផ្លូវ ភ្លើង និងទឹក ដែលបានកំណត់ នៅក្នុងយុទ្ធសាស្ត្រ ចតុកោណ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន ការទំនាក់ទំនងរបស់ប្រជាពលរដ្ឋ ទៅដល់គ្រប់ទីកន្លែងនៅក្នុងប្រទេស និងការតភ្ជាប់ជាមួយប្រទេសជិតខាង ឆ្លើយតបទៅ នឹងការរីកចម្រើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យរបស់ប្រទេសជាតិ។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានឱ្យដឹងទៀតថា គម្រោងលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង៣នេះ នៅក្នុងភូមិសាស្ត្រខេត្តក្រចេះនេះ គឺជាចំណងដៃថ្មីបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋរស់នៅខេត្តក្រចេះ បន្ទាប់ពីការប្រកាសបើកការដ្ឋានគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់ កាលពីដើមឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្រ្តី។
សូមជម្រាបថា គម្រោងលើកកម្រិតគុណភាព និងជួសជុលកំណាត់ផ្លូវទាំង៣ខ្សែនេះ គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពទ្រុឌទ្រោម និងខូចខាតរបស់ខ្សែផ្លូវ ជាពិសេសការប្រឈមនឹងគ្រោះទឹកជំនន់ ដែលបង្កឡើងនៅរៀងរាល់រដូវវស្សា។
កំណាត់ផ្លូវទាំង៣ខ្សែនេះ ជាខ្សែផ្លូវសេដ្ឋកិច្ចដ៏មានសារៈសំខាន់ ដែលបានតភ្ជាប់ជាមួយបណ្តាញផ្លូវជាតិសំខាន់ផ្សេងៗ ឆ្ពោះទៅកាន់រាជធានី និងខេត្តភាគឦសាន និងទៅកាន់ទីប្រជុំជន តំបន់សេដ្ឋកិច្ច និងតំបន់ព្រំដែនរបស់កម្ពុជា៕






