ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានអនុម័តប្រាក់កម្ចីចំនួន ៨០លានដុល្លារ ដើម្បីពង្រឹងការអប់រំកម្រិតមធ្យមសិក្សានៅកម្ពុជា ដោយផ្តោតលើជំនាញ «សតវត្សទី២១» ដូចជាការគិតស៊ីជម្រៅ និងដោយភាពច្នៃប្រឌិត ការបង្រៀនដោយបរិយាបន្នសម្រាប់សិស្សទាំងអស់ និងការត្រួសត្រាយផ្លូវ សម្រាប់ការអប់រំក្រោយមធ្យមសិក្សា។
បើតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៣១ ខែតុលា ADB បញ្ជាក់ថា គម្រោងអប់រំថ្នាក់មធ្យមសិក្សា ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងផ្នែកមូលធនមនុស្សនេះ នឹងបង្កើនចំនួនអគារ សិក្សាដែលធន់នឹងអាកាសធាតុប្រកបដោយបរិយាបន្ន រួមទាំងថ្នាក់រៀនបន្ថែមចំនួន៤០០ ដើម្បីដោះស្រាយស្ថានភាពចង្អៀតក្នុងថ្នាក់រៀន និងពង្រីកលទ្ធភាពទទួលបានការអប់រំមធ្យមសិក្សាទុតិយភូមិ ប្រកបដោយគុណភាព។ លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា មានប្រ សាសន៍ថា៖ «កម្ពុជាត្រូវពន្លឿនការផ្លាស់ប្តូរទៅរកសកម្មភាពសេដ្ឋកិច្ច ដែលបន្ថែមតម្លៃខ្ពស់ ជាពិសេសសកម្មភាពដែលជំរុញដោយបច្ចេកវិទ្យា ដើម្បីរក្សាសមត្ថភាពប្រកួតប្រជែងជាសកល និងពង្រឹងវឌ្ឍនភាពសេដ្ឋកិច្ច ដ៏គួរឱ្យកត់សម្គាល់របស់ខ្លួនកន្លងមកនេះ។
កម្លាំងពលកម្មប្រកបដោយជំនាញ និងការអប់រំ គឺជាតម្រូវការមូលដ្ឋាន ដើម្បីសម្រេចបានគោលដៅនេះ។ ឈរលើសមិទ្ធផលនៃការវិនិយោគជាបន្តបន្ទាប់របស់ ADB ក្នុងវិស័យអប់រំ និងអភិវឌ្ឍន៍ជំនាញ គម្រោងនេះ មានគោលបំណងពង្រីកសក្តានុពល នៃចំនួនពលរដ្ឋវ័យក្មេងរបស់កម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនាពេលអនាគត។»។
ចំនួនចុះឈ្មោះពិត នៃការសិក្សាមធ្យមសិក្សាទុតិយភូមិ នៅមានអត្រាទាបត្រឹមតែ ៣៥,៥ ភាគរយ នៅកម្ពុជា ដោយសារកត្តាដូចជា អគារសិក្សាមិនគ្រប់គ្រាន់ និងសេដ្ឋកិច្ចគ្រួសារ ជាពិសេសសម្រាប់ ក្មេងប្រុស ដែលត្រូវរួមចំណែកប្រាក់រកចំណូលគ្រួសារ។ គ្រូបង្រៀន ត្រូវការការបណ្តុះបណ្តាល និងការគាំទ្របន្ថែម ដើម្បីអភិវឌ្ឍជំនាញ និងសមត្ថភាព ឱ្យឆ្លើយតបនឹងតម្រូវការ ដើម្បីបង្រៀនសិស្សបច្ចុប្បន្ន។ ជាងនេះទៅទៀត សិស្សដែលត្រូវការការអប់រំពិសេស ត្រូវប្រឈមនឹងឧបសគ្គកាន់តែខ្លាំង ដើម្បីទទួលបានការអប់រំមធ្យមសិក្សាប្រកបដោយគុណភាព។
បើតាម ADB គម្រោងនេះ នឹងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានការអប់រំ ជាពិសេស សម្រាប់សិស្សដែលមានពិការភាព តាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាជំនួយ និងការគាំទ្រដល់សាលាមធ្យមសិក្សាអប់រំពិសេស។
គម្រោងនេះ នឹងលើកកម្ពស់ការអប់រំ លើ មុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា(STEM) ដើម្បីរៀបចំក្រុមកម្លាំង ពលកម្ម សម្រាប់ពេលអនាគត ដែលមានជំនាញស្រប តាមតម្រូវការឧស្សាហកម្ម។ សម្រាប់គោលដៅដូចគ្នានេះដែរ គម្រោងនឹងអភិវឌ្ឍជំនាញទន់ ដូចជាការ ទំនាក់ទំនង ការសហការ និងការគិតប្រកបដោយការរិះគន់ និង ការគិតស៊ីជម្រៅនិងដោយភាពច្នៃប្រឌិត សម្រាប់សិស្សានុសិស្ស។ «គម្រោងនេះ នឹងវិនិយោគលើការកែលម្អការអភិវឌ្ឍវិជ្ជាជីវៈរបស់គ្រូបង្រៀន ដើម្បី ជំរុញវិធីសាស្ត្របង្រៀនតាមបែបគម្រោង ដែលរួមបញ្ចូលការងារជាក្រុម ការដោះស្រាយបញ្ហា ជាក់ស្តែង និងការចូលរួមជាមួយសហគមន៍។»។
ADB បញ្ជាក់ដូច្នេះ ដោយបន្តថា គម្រោងក៏នឹងពិនិត្យ និងពង្រឹងការប្រឡងបញ្ចប់ការសិក្សាថ្នាក់ ទី១២ ដើម្បីពិនិត្យវាយតម្លៃមើលឱ្យកាន់តែច្បាស់ នូវកម្មវិធីសិក្សាដែលបានធ្វើទំនើបកម្ម ក៏ដូចជាបង្កើតវគ្គសិក្សាបំប៉នពិសេស ក្នុងវិស័យអាទិភាព ដូចជាសេដ្ឋកិច្ចឌីជីថល និងគណិតវិទ្យាអនុវត្ត សំដៅពង្រឹងប្រភពធនធានមនុស្សប្រកបដោយជំនាញ។
សម្រាប់ADB គម្រោងនេះ គឺជាធាតុផ្សំដ៏សំខាន់នៃការគាំទ្រខ្លួន ចំពោះរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស ដែលវាស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាល សម្រាប់កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក៏ដូចជា យុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជារបស់ ADB ឆ្នាំ២០២៤-២០២៨៕







