វណ្ណា គឺជានារីខ្មែរដែលស្រលាញ់សត្វ និងរួសរាយរាក់ទាក់ម្នាក់។ នាងអាចនឹងក្លាយជាពលរដ្ឋអាមេរិកនៅសប្ដាហ៍ក្រោយ ប៉ុន្តែស្ថានទូតអាមេរិកកំពុងរារាំងនាង ដោយបំពេញការងារចាកឆ្ងាយចេញពីសៀវភៅណែនាំកិច្ចការបរទេសរបស់ពួកគេ។
អង្គភាពសេវាកម្មសញ្ជាតិ និងអន្តោប្រវេសន៍សហរដ្ឋអាមេរិក (USCIS) បានអញ្ជើញ វណ្ណា មកសហរដ្ឋអាមេរិក ដើម្បីធ្វើការសម្ភាសន៍សុំសញ្ជាតិ។ បញ្ហាគឺនៅត្រង់ថា នាងត្រូវតែធ្វើវាឥលូវនេះ មុនពេលនាងមានអាយុ 18 ឆ្នាំនៅសប្តាហ៍ក្រោយ បើមិនដូច្នោះទេ នាងនឹងបាត់បង់ឱកាសនេះជារៀងរហូត។
វណ្ណាបានត្រៀមខ្លួនរួចរាល់ដើម្បីឡើងយន្តហោះជាមួយឪពុករបស់ខ្លួន ធ្វើដំណើរដ៏វែងឆ្ងាយទៅសហរដ្ឋអាមេរិក។ ប៉ុន្តែរឿងតែមួយគត់ដែលរារាំងនាងនោះ គឺការបដិសេធរបស់ស្ថានទូតអាមេរិកក្នុងការផ្តល់ទិដ្ឋាការដល់នាងដែលនាងត្រូវការសម្រាប់ចូលក្នុងទឹកដីសហរដ្ឋអាមេរិក ហើយចូលរួមការសម្ភាសន៍យកសញ្ជាតិរបស់នាងជាមួយ USCIS ដែលជាទីភ្នាក់ងារផ្សេងមួយទៀតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
វណ្ណាត្រូវបានលោក ចន វីលីស (John Willis) ដែលជាជនជាតិអាមេរិកម្នាក់ ចិញ្ចឹមបីបាច់ថែរក្សានាងតាំងពីនាងមានអាយុ ៥ ឆ្នាំ តាមសំណើរបស់គ្រួសារក្រីក្ររបស់នាង។ ក្នុងនាមជាកូនចិញ្ចឹមស្របច្បាប់របស់លោក ចន កូនស្រី វណ្ណា វីលីស មានសិទ្ធិដាក់ពាក្យសុំសញ្ជាតិអាមេរិកតាមរយៈដំណើរការពិសេសមួយហៅថា N-600K សម្រាប់គ្រួសារជនជាតិអាមេរិកដែលរស់នៅក្រៅប្រទេសជាអចិន្ត្រៃយ៍។ បន្ទាប់ពីធ្វើការជាមួយគ្នាទៅវិញទៅមកអស់រយៈពេលជាងប្រាំឆ្នាំមក អង្គភាព USCIS បានសម្រេចចិត្តយកដំណើរការកិច្ចការងារនេះទៅជំហានចុងក្រោយ ហើយអញ្ជើញ វណ្ណា មកសហរដ្ឋអាមេរិកដើម្បីទទួលការសម្ភាសន៍។
ខណៈពេលដែល USCIS មានសិទ្ធិអំណាចក្នុងការផ្តល់សញ្ជាតិ ស្ថានទូតនៅភ្នំពេញមានអំណាចក្នុងការផ្តល់ ឬបដិសេធទិដ្ឋាការដល់ពលរដ្ឋកម្ពុជា។ ក្នុងន័យនេះ ស្ថានទូតគឺជាអ្នកយាមច្រកទ្វារនៃដំណើរបស់នាង ពោលគឺអាចកំណត់ជោគវាសនារបស់វណ្ណា ជាមួយនិងសញ្ជាតិអាមេរិករបស់នាង។
ប្រសិនបើស្ថានទូតមានការយោគយល់ ហើយអនុញ្ញាតឲ្យនាងទៅទស្សនកិច្ចនៅសហរដ្ឋអាមេរិក ចននិយាយថា លោកនឹងនាំវណ្ណាទៅជួបឪពុកម្តាយចិញ្ចឹមចាស់ជរារបស់នាងដោយផ្ទាល់ ទៅធ្វើទស្សនកិច្ចនៅតាមសាកលវិទ្យាល័យនានា ហើយបន្ទាប់មកត្រឡប់មកប្រទេសកម្ពុជាវិញ។ ដោយសារនាងនៅសល់ពេលមួយឆ្នាំទៀតដើម្បីបញ្ចប់វិទ្យាល័យក្នុងប្រទេសកម្ពុជា វណ្ណាចង់ទៅមើលមហាវិទ្យាល័យដែលនាងចង់ចូលរៀននៅឆ្នាំក្រោយ ដើម្បីបន្តក្តីសុបិនចង់ក្លាយជាសត្តវិទូម្នាក់។
មន្ត្រីកុងស៊ុលនៅស្ថានទូតអាមេរិកជុំវិញពិភពលោក តែងអនុវត្តតាមសៀវភៅណែនាំកិច្ចការបរទេសក្នុងការសម្រេចចិត្តថាតើត្រូវផ្តល់ទិដ្ឋាការឬអត់។ ជាទូទៅ អ្នកដាក់ពាក្យសុំទិដ្ឋាការសម្រាប់ទៅទស្សនកិច្ច ត្រូវតែបង្ហាញថាពួកគេមិនមានបំណងស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងសហរដ្ឋអាមេរិកតាមទិដ្ឋាការនោះឡើយ។ ប៉ុន្តែយោងតាមសៀវភៅណែនាំកិច្ចការបរទេស កុមារដែលឪពុកម្តាយរស់នៅក្រៅសហរដ្ឋអាមេរិក ហើយមានបំណងបន្តធ្វើដូច្នេះទៀត ត្រូវបានគេសន្មត់ថាមិនមានបំណងធ្វើអន្តោប្រវេសន៍ភ្លាមៗទៅកាន់សហរដ្ឋអាមេរិកទេនោះទេ ដូច្នេះហើយគួរតែត្រូវបានចេញទិដ្ឋាការដើម្បីចូលរួមការសម្ភាសន៍ N600K ។
ចននិយាយថា គ្មានផ្លូវទេដែលវណ្ណាមិនត្រលប់មកវិញ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ពួកគេទៅសហរដ្ឋអាមេរិកនោះ។ វណ្ណាពឹងផ្អែកទាំងស្រុងលើគាត់ ហើយបើចនទៅណា នាងក៏ទៅទីនោះដែរ។ លោក ចន បាននិយាយថា “ពួកគេមិនទាន់បានសម្ភាសខ្ញុំ ឬមើលភស្តុតាងទាំងអស់ដែលពួកយើងបានដាក់ទៅ ដែលបង្ហាញថាយើងនឹងត្រលប់មកវិញបន្ទាប់ពីការធ្វើដំណើរនេះទេ” ។
ក្តីស្រមៃរបស់វណ្ណាក្នុងការក្លាយជាសត្តវិទូម្នាក់ ត្រូវបានបំផុសគំនិតដោយ Suwanna Gauntlett ដែលជានាយកប្រតិបត្តិ និងជាស្ថាបនិកនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលចនបានធ្វើការអស់រយៈពេល 11 ឆ្នាំកន្លងមក ហើយមានតួនាទីជានាយកប្រចាំប្រទេស។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃតែងជួយសង្គ្រោះសត្វពីការជួញដូរសត្វព្រៃខុសច្បាប់ តែងការពារព្រៃឈើកម្ពុជា និងផ្តល់ការចិញ្ចឹមជីវិតដល់ប្រជាជនក្រីក្រដែលរស់នៅក្បែរតំបន់ព្រៃភ្នំ។
ក្តីស្រមៃរបស់ចន គឺមានតាំងពីយូរយារណាស់មកហើយ ដែលចង់អោយកូនស្រីរបស់គាត់ក្លាយជាពលរដ្ឋអាមេរិក ។ មុនពេលធ្វើការឱ្យអង្គការសម្ព័ន្ធមិត្តសត្វព្រៃ លោកចនគឺជានាយកប្រចាំប្រទេសនៃវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។
ចនបានរំលឹកឃើញកាលពីច្រើនឆ្នាំមុន ដែលលោកបានទៅទស្សនាផ្នែកកុងស៊ុលនៃស្ថានទូតអាមេរិក ដែលការសម្ភាសន៍ទិដ្ឋាការត្រូវបានធ្វើឡើងនៅទីនោះ ហើយលោកបានឃើញផ្ទាំងរូបភាពចំនួនប្រាំបីនៅលើជញ្ជាំងដែលបង្ហាញពីស្នាដៃល្អៗរបស់សហរដ្ឋអាមេរិកសម្រាប់ប្រជាជនកម្ពុជា។ ក្នុងចំណោមនោះ មានផ្ទាំងរូបភាពចំនួនប្រាំបង្ហាញពីកម្មវិធីភាពជាអ្នកដឹកនាំយុវជនដែលបានដំណើរការដោយ IRI ។
ប៉ុន្តែយុវជនខ្មែរម្នាក់ដែលគាត់ចង់ជួយបំផុតត្រូវបានរារាំងដោយការិយាល័យដដែលដែលធ្លាប់បានសរសើរអំពីកិច្ចការងាររបស់គាត់។ លោក ចន បន្តថា “កូនស្រីខ្ញុំនិងខ្ញុំបានធ្វើអ្វីៗគ្រប់បែបយ៉ាងតាមច្បាប់។ ឥឡូវនេះនៅនាទីចុងក្រោយបំផុត ស្ថានទូតបែរជាបំពានច្បាប់ ហើយបំបិទសិទ្ធកូនស្រីរបស់ខ្ញុំពីឱកាសស្របច្បាប់របស់នាង និងបំផ្លាញក្តីសុបិនរបស់ខ្ញុំ»។






















