អាជ្ញាធរបាននិយាយថា មនុស្សចំនួន១៧នាក់បានស្លាប់បន្ទាប់ពីទូកដឹកជនភៀសខ្លួនហៃទី រាប់សិបនាក់បានក្រឡាប់នៅឆ្នេរសមុទ្រ បាហាម៉ា (Bahamas) ខណៈដែលជនជាតិហៃទីកាន់តែច្រើន ព្យាយាមទៅដល់សហរដ្ឋអាមេរិក ដើម្បីគេចចេញពីអំពើហិង្សារបស់ក្រុមជនភៀសខ្លួន និងភាពក្រីក្រ។ ក្រុមជួយសង្គ្រោះបានស្រង់សាកសពមនុស្ស ១៧នាក់ រួមទាំងទារកម្នាក់ ហើយមនុស្ស ២៥នាក់ត្រូវបានជួយសង្គ្រោះក្នុងនោះ ៤នាក់ជាស្ត្រី។ នេះបើយោងតាមនាយករដ្ឋ មន្ត្រីបាហាម៉ា លោកហ្វីលីប ដាវីស (Philip Davis) បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យ។
លោកដាវីស (Davis) បាននិយាយថា អាជ្ញាធរជឿថា កប៉ាល់នេះ បានបើកក្នុងល្បឿនលឿន ឆ្ពោះទៅទីក្រុងម៉ៃអាមី។ គួរបញ្ជាក់ថា ប្រជាជនហៃទីកាន់តែច្រើនឡើងៗ បាននិងកំពុងភៀសខ្លួនចេញពីប្រទេសនេះ ដើម្បីស្វែងរកទីកន្លែងសុវត្ថិភាព និងការងារ។ មនុស្សជាច្រើនបានធ្វើដំណើរឆ្ពោះទៅកាន់សហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអាមេរិកឡាទីន។ ជនជាតិហៃទីភាគច្រើនព្យាយាមឆ្លងចូលអាមេរិកតាមដីតាមព្រំដែនអាមេរិក-ម៉ិកស៊ិក ប៉ុន្តែអ្នកផ្សេងទៀតបានឆ្លងចូលតាមសមុទ្រ។ ឆ្មាំឆ្នេរសមុទ្រអាមេរិកបាននិយាយថា ខ្លួនបានស្ទាក់ចាប់ និងបញ្ជូនជនជាតិហៃទីជាង៦.១០០នាក់មកវិញនៅសមុទ្រចាប់តាំងពីខែតុលា ដែលជាការប៉ុនប៉ងធ្វើចំណាកស្រុកដ៏ធំបំផុតរបស់ជនភៀសខ្លួនតាមទូកហៃទីក្នុងរយៈពេល ២០ ឆ្នាំនេះ៕
ប្រែសម្រួលដោយ ប៊ុន សុភាព







