ឯ.ឧ វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញថវិកាជាង១១ម៉ឺនលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងពេលកូវីដ-១៩ ជុំទី២ លើកទី១។

នៅក្នុងសន្និសីទកាសែតនៅស្តីទីការក្រសួងព្រឹកម៉ិញ ឯ.ឧ វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ថា ចំនួនគ្រួសារក្រីក្រ ទាំងប្រភេទក្រ១ និងក្រ២ ដែលទទួលបានការឧបត្ថម្ភសាច់ប្រាក់ ពីរាជរដ្ឋាភិបាល បានកើនដល់ជាង៦២ម៉ឺន ៤ពាន់គ្រួសារ ដែលមានសមាជិក ជាង២លាន ៥សែននាក់ ត្រឹមថ្ងៃទី២៣ ខែកញ្ញានេះ។

ក្នុងនោះគ្រួសារក្រ១ មានចំនួន២២ម៉ឺនគ្រួសារ និងក្រីក្រ២ មានចំនួន៣៧ម៉ឺនគ្រួសារស្មើនឹងជាង៨២ម៉ឺននាក់ ដែលមានសមាជិកជាង១លាន៥សែននាក់។ ឯ.ឧ រដ្ឋមន្ត្រី បញ្ជាក់ថា រាជរដ្ឋាភិបាល បានចំណាយថវិកាជាង១១ម៉ឺនលានរៀល សម្រាប់ជុំទី២ នៃការឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលកូវីដ-១៩។ តែទោះយ៉ាងណាក្តី ឯ.ឧ រដ្ឋមន្ត្រីសង្គមកិច្ច វង សូត្រ បានបញ្ជាក់ថា មកទល់ពេលនេះរាជរដ្ឋាភិបាលពុំទាន់កំណត់ថា ត្រូវបន្តរឺមិនបន្តការអនុវត្តការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ សម្រាប់ជុំទី៣នៅឡើយទេ។
ឯកឧត្តមថា ការសម្រេចថាបន្ត រឺមិនបន្តត្រូវឆ្លងកាត់ការប្រជុំ និងការស្នើសុំរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គមសុំគោលការណ៍ពីរាជរដ្ឋា ភិបាល និងអាស្រ័យលើស្ថានភាពជាក់ស្ដែងនៃជំងឺកូវីដ- ១៩។ រដ្ឋមន្រ្តីក៏សង្ឃឹមដែរថា រាជរដ្ឋាភិបាល នឹងបន្តអនុវត្តការឧត្ថម្ភសាច់ ប្រាក់ជុំទី៣បន្ថែមទៀត។

សូមជម្រាបថា រាជរដ្ឋាភិបាលកំពុងត្រៀមអនុវត្តការឧត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ សម្រាប់ជុំទី២លើកទី២សម្រាប់ខែកញ្ញា ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី ២៥ កញ្ញាខាងមុខនេះ ។ សម្រាប់ជុំទី ២ លើកទី២ ដែលនឹងចាប់ផ្ដើមអនុវត្តខាង មុខនេះ គឺមានប្រជាពលរដ្ឋចំនួនប្រមាណ៧០ ម៉ឺនគ្រួសារ ដែលមានចំនួនប្រជាពលរដ្ឋសរុប ប្រមាណ២លាន ៧សែននាក់ នឹងត្រូវចំណាយប្រមាណ ៣១លានដុល្លារ។

លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម បានឲ្យដឹងថា ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ប្រព្រឹត្តទៅដោយរលូន ប៉ុន្តែនៅតែមានបញ្ហាមួយចំនួន ដូច ជា បញ្ហាប្រព័ន្ធអ៊ីនធើណេតរអាក់រអួល គ្រាដែលឃុំសង្កាត់មួយចំនួនអនុវត្តផ្ទុយនឹងគោលការណ៏ រួមមានយកកម្រៃ រើសអើង និងកេងបន្លំជាដើម។ លោកសុបញ្ញា ឲ្យដឹងទៀតថា ចំនួនគ្រួសារក្រីក្រមួយចំនួន នៅមិនទាន់ទទួលបានព័ត៌មានអំពីកម្មវិធី នីតិវិធី និងថវិកា ស្របពេលពលរដ្ឋខ្លះបាត់រឺខូចបណ្ណ័ ភ្លេចលេខសម្ងាត់ មិនមានឈ្មោះមេគ្រួសារ ក្នុងប័ណ្ឌជាដើម៕
អត្ថបទ សំ វណ្ណា
រូបភាព ហេង សុខន






