សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC បានប្ដឹងទៅតុលាការសហភាពអឺរ៉ុប ដោយស្នើសុំឱ្យតុលាការមោឃភាពការសម្រេចផ្អាកប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន ២០ ភាគរយពីកម្ពុជា របស់សហភាពអឺរ៉ុប ដែលចូលជាធរមានកាលពីថ្ងៃទី១២ ខែសីហា ២០២០ កន្លងទៅ។
យោងតាមទិនានុប្បវត្តិ ឬការចេញផ្សាយរបស់សហភាពអឺរ៉ុប បង្ហាញថា GMAC បានប្ដឹងទៅកាន់តុលាការអឺរ៉ុបកាលពីថ្ងៃទី ១៦ កក្កដា ក្នុងសំណុំរឿងលេខ T-454/20 ។ បណ្ដឹងនេះត្រូវបានតំណាងដោយមេធាវី ២ រូបមានឈ្មោះ C. Ziegler និង S. Monti និងមានគណៈកម្មការអឺរ៉ុបជាចុងចម្លើយ។
ក្រៅពីស្នើសុំឱ្យតុលាការធ្វើមោឃភាពការសម្រេចនេះ GMAC ក៏ទាមទារឱ្យគណៈកម្មការអឺរ៉ុប ទទួលខុសត្រូវលើការចំណាយផ្ទាល់របស់ខ្លួន និងបង់ប្រាក់ដែលអ្នកដាក់ពាក្យស្នើសុំគឺប្រាក់ដែលត្រូវចំណាយសម្រាប់ដំណើរការរឿងក្ដីនេះ។ នេះបើយោងតាមទិនានុប្បវត្តិរបស់សហភាពអឺរ៉ុបដដែល។
លោក ខេន លូ អគ្គលេខាធិការ GMAC បានថ្លែងថា ការដាក់បណ្ដឹងនេះ ធ្វើឡើងដើម្បីជំទាស់នឹងការសម្រេចចិត្តផ្អាកប្រព័ន្ធអនុគ្រោះពន្ធ ២០ ភាគរយដែលវិធីនេះ ជាជម្រើសចុងក្រោយ ដើម្បីស្វែងរកធនធាន បន្ទាប់ពីការពន្យល់ណែនាំគ្រប់ទម្រង់ផ្សេងទៀតក៏ដូចជា ការអំពាវនាវបានបរាជ័យ។
បើតាមការចេញផ្សាយរបស់តុលាការយុត្តិធម៌សហភាពអឺរ៉ុបសំណុំរឿងលេខ T-454/20 បានចូលមកដល់តុលាការនេះកាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២០។ ក៏ប៉ុន្តែមិនទាន់មានការកំណត់កាលបរិច្ឆេទថា តើតុលាការនឹងដំណើរការសំណុំរឿងនេះនៅពេលណានៅឡើយ។
គួររំលឹកថា កាលពីខែកុម្ភៈ គណៈកម្មការអឺរ៉ុបបានសម្រេចផ្អាកប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន ២០ ភាគរយនៃទំនិញនាំចូលទីផ្សារអឺរ៉ុប ដោយអះអាងថា កម្ពុជា បានរំលោភសិទ្ធិមនុស្ស សិទ្ធិការងារ ធ្វើឱ្យធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ។
ការសម្រេចនេះចូលជាធរមានកាលពីថ្ងៃទី ១២ សីហា។ ទោះយ៉ាងណា រដ្ឋាភិបាលកម្ពុជាបានបដិសេធការចោទប្រកាន់ទាំងនោះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងពីការដក EBA ផងដែរនៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៥។ សម្តេចថ្លែងថា ការណ៍ដែលសហភាពអឺរ៉ុបដកហូត EBA មួយផ្នែកពីកម្ពុជានៅពេលដែលប្រទេសនេះកំពុងប្រឹងប្រែងតស៊ូជម្នះជំងឺរាតត្បាតកូវីដ ១៩ គឺជារឿងច្រំដែលនៃប្រវត្តិសាស្ត្រ៕






