ភ្នំពេញ ៖ ស្ដ្រី និងស្វាមីដែលបានយកសត្វព្រៃជាច្រើនប្រភេទមានទាំងឆ្មារព្រៃ ត្រកួត ទង់ ពស់វែក មកធ្វើជាម្ហូបតាមបែប ធម្មជាតិ និងបង្ហោះតាម Youtube Channel របស់ខ្លួន បានចូលខ្លួនមកសារភាពកំហុសរបស់ខ្លួននៅ ក្រសួងបរិស្ថាន នៅ ល្ងាច ថ្ងៃព្រហស្បត្តិ៍នេះ។
នៅចំពោះមុខអ្នកសារព័ត៌មានប្តីប្រពន្ធទាំងពីរនាក់បានទទួលស្គាល់កំហុសដែលខ្លួនបាន ប្រព្រឹត្តខុសក្នុងការផលិតជាវីដេអូ ធ្វើម្ហូប សត្វព្រៃ ។ លោក ភួង រ៉ាទី ដែលជាស្វាមីស្ត្រីដែលដើរតួរថតក្នុងវីដេអូ និងជា អ្នកផលិតវីដេអូបានសុំទោស សាធារណៈជន និងសមត្ថកិច្ច និងក្រសួងបរិស្ថានដោយបាន ប្រព្រឹត្តកំហុសដោយមិនបានដឹងខ្លួន និងគ្មានបំណងនោះទេ លោកគ្រាន់តែចង់ បានវីញូច្រើននៅក្នុងយូធូបរបស់ខ្លួនដើម្បីបានទទួលប្រាក់ កំរៃពីយូធូប។ វីដេអូ ទាំងនោះត្រូវបានផលិត តាំងពីឆ្នាំ២០១៧ ដោយគាត់បាន ទិញសត្វព្រៃទាំងនោះ ពីផ្លូវជាតិលេខ៦ ក្នុងស្រុកបាធាយ និងបានយកទីតាំង ថតនៅម្តុំ ព្រែកភ្នៅ ដោយ ឲ្យប្រពន្ធរបស់ខ្លួនជាអ្នកដើរតួរសំដែង។ ក្នុងសន្និសីទ សារព័ត៌មានទាំងពីរនាក់ប្តី ប្រពន្ធមិនបានដឹង ពីទោសទណ្ឌដែលច្បាប់ កំណត់ នោះទេព្រោះសត្វដែលគាត់ បានទិញនោះជាសត្វដែលងាប់ជា ស្រេចទៅ ហើយ ។
ពួកគេទាំង២នាក់ បានធ្វើកិច្ចសន្យានៅចំពោះមុខមន្រ្តីក្រសួងបរិស្ថានពីទោសកំហុសរបស់ពួកគេ ហើយនឹងបញ្ឈប់ទង្វើ បែបនេះទៅទៀត។ មន្ត្រីក្រសួងបរិស្ថានបានអះអាងថា ច្បាប់បានកំណត់នឹងអនុវត្ត ដោយពិន័យអន្តរការចំពោះករណី ខាងលើ ប៉ុន្តែសត្វព្រៃទាំងនោះមិនមែនជាសត្វដែលជិតផុតពូជនោះទេ។ ក្រសួងក៏មិនលើកទឹកចិត្តប្រជាជនឲ្យបរិភោគ សត្វព្រៃនោះទេ ។
សូមបញ្ជាក់ថា ស្រ្តីរូបនេះ បានបង្កើតទំព័រ Youtube មួយឈ្មោះ «Natural Life TV»ហើយបានបង្ហាញសកម្មភាពយក សត្វព្រៃជាច្រើនប្រភេទ មានសត្វខ្លះជាប្រភេទសត្វកម្រថែមទៀតមកបង្ហោះលើទំព័រ Youtube របស់នាង។ ការបង្ហោះនេះ គឺមានគោលបំណងស្វែងរកការមើលឲ្យបានច្រើនដើម្បីទទួលបានថវិកានៃការផ្សព្វផ្សាយពាណិជ្ជកម្មនានាតាមរយៈ ក្រុមហ៊ុន Google៕

ប្រភពពីហ្វេសប៊ុកផេក ក្រសួងបរិស្ថាន https://www.facebook.com/Ministry-of-Environment





