ភ្នំពេញ ៖ បើមើលតាមស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន ទីក្រុងកោះពេជ្រ មានសំណង់អាគារពាណិជ្ជកម្មលំនៅដ្ឋាន ខុនដូជាច្រើនកំពុងបង្ហាញវត្តមានរួចទៅហើយក្នុងតំបន់កោះពេជ្រនោះ ប៉ុន្តែបើតាមក្រុមហ៊ុនអភិវឌ្ឍគម្រោងទីក្រុង កោះពេជ្រ នេះបង្ហាញថា មកដល់ពេលនេះទើបសម្រេចបានការអភិវឌ្ឍត្រឹម៣០ ទៅ៤០ភាគរយ ប៉ុណ្ណោះ។
ក្រុមហ៊ុន OCIC ដែលជាអ្នកអភិវឌ្ឍគម្រោងទីក្រុងរណបកោះពេជ្រ បានបង្ហាញថាទោះបីជានៅក្នុងតំបន់កោះពេជ្រ មាន សកម្មភាពអភិវឌ្ឍន៍ និងសំណង់នានាកើនឡើងច្រើនយ៉ាងណាក្តី ប៉ុន្តែបច្ចុប្បន្នផ្ទៃដីកោះពេជ្រទាំងមូល ទើបប្រើប្រាស់បាន ចន្លោះពី៣០ ទៅ៤០ភាគរយប៉ុណ្ណោះ។ ទន្ទឹមនោះ គំរោងទីក្រុងរណបនេះ មិនអាចបញ្ចប់ការសាងសង់ក្នុងរយៈពេលខ្លីបាននោះទេ ព្រោះត្រូវការពេលវេលាច្រើនដើម្បីបញ្ចប់តាមផែនការ។ នេះបើតាមការចេញផ្សាយរបស់គេហទំព័រ Propertyarea.asia ។
ក្រុមហ៊ុន OCIC ក៏បានបញ្ជាក់ដែរថា បច្ចុប្បន្នក្រុមហ៊ុនកំពុងសិក្សាពីស្ថានភាពទីផ្សារ និងលំហូរប្រជាជនថា តើពួកគាត់នឹង ទៅកាន់ទីក្រុងជ្រោយចង្វារឬទេ? ព្រោះក្រុមហ៊ុនមានបំណងរើសាលរោងការ សាលពិព៌ណ និងកន្លែងលេងកំសាន្តពីទីក្រុង កោះពេជ្រ ទៅកាន់ទីក្រុងរណបជ្រោយចង្វារវិញនាពេលអនាគត។
បច្ចុប្បន្នទីក្រុងកោះពេជ្រ មានគំរោងអភិវឌ្ឍន៍ធំៗជាច្រើន ដូចជាគំរោងខុនដូ D I RIVIERA, Diamond Twin Tower, La Sen, Alysee, Diamond One ជាដើម។ ទីក្រុងកោះពេជ្រនេះក៏គ្រោងសាងសង់អាគារកំពស់៥៥៥ម៉ែត្រផងដែរ ប៉ុន្តែ ក្រុមហ៊ុនបញ្ជាក់ថា គំរោងនេះមិនដឹងថាពេលណានឹងចាប់ផ្តើម ឬក៏ត្រូវលុបចោលនៅឡើយនោះទេ៕ វ៉ាន់ ១មករា









