ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងនគរបាលក្រុងច្បារមន ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ូច ហៀង អធិការនគរបាលក្រុងច្បារមន ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលតាមទូរសព្ទ័ ពីលោកស្រីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ទើបកម្លាំងនគរបាលធ្វើការបង្ក្រាបមុខសញ្ញាខាងលើ និងឆែកឆេររកឃើញម្សៅក្រាមព៌ណសថ្លា សង្ស័យថាជាគ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន១៧កញ្ចប់ផងដែល កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៨ នៅចំណុចផ្ទះរបស់ឈ្មោះ ម៉ក់ សាអ៊ីម ហៅក្អាត់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលក្រុងច្បារមន បាននិយាយអោយដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺតាមបញ្ជាផ្ទាល់របស់លោក ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមានអនុញ្ញាតិពីលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ តាមរយ:ទូរស័ព្ទរួចមក កម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមន បានសហការជាកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត និង ព្រហ្មទណ្ឌក្រុង បានដំណើរការឆែកឆេរផ្ទះរបស់ឈ្មោះ ក្អាត់ ខាងលើ។ ក្នុងកិច្ចប្រតិបត្តិការនេះ បានរកឃើញ និងធ្វើការដកហូតវត្ថុតាង រួមមាន: ម្ស៉ៅក្រាមសថ្លា សង្ស័យគ្រឿងញៀនចំនួន១៧កញ្ចប់ ក្នុងនោះមានកញ្ចប់មធ្យម (មធ្យមចំនួន ០១កញ្ចប់ផងដែរ), ម៉ូតូចំនួន ០១គ្រឿង, និងឧបករណ៍សម្រាប់ជក់ និងថង់ប្លាស្ទិកសម្រាប់វិចខ្ចប់មួយចំនួន។
ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងម៉ាទឹកកក និងសម្ភារច្រើនទៀត នគរបាលក្រុងច្បារមនបានធ្វើការសួរនាំ និង កំពុងតែកសាងសំណុំរឿង ដើម្បីចាត់ការបន្តទៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងបញ្ជូនបន្តទៅតុលាការខេត្តចាត់ការតាមផ្លូវច្បាប់៕ អ៊ុ ណូន






