ភ្នំពេញ៖ បណ្តឹងរបស់មេធាវីការពារក្ដីលោកមាជសុវណ្ណារ៉ាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងបក្ខពួក៤នាក់ ត្រូវបានតុលាការកំពូលបដិសេធចោល ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល លោក សឹង បញ្ញាវុឌ្ឈ កាលព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ច្រានចោល បណ្តឹងនេះដោយយល់ឃើញថាការសម្រេចរបស់សាលាឧទ្ធរណ៍ត្រឹមត្រូវហើយ ។
ការប្រកាសសាលដីកានេះធ្វើឡើងតែចំពោះមុខជនជាប់ចោទឈ្មោះ អ៊ុក ពេជ្រសំណាង ម្នាក់ប៉ុណ្ណោះ។ ដោយឡែកជន ជាប់ចោទ០៤នាក់ទៀតពុំត្រូវបានបញ្ជូនមកស្តាប់ការប្រកាសនោះទេ។ ក្រុមមេធាវីការពារជនជាប់ចោទបានប្តឹងសាទុក្ខមក តុលាការកំពូលដោយស្នើឲ្យបញ្ជូលឈ្មោះជនជាប់ចោទ០៥នាក់ក្នុងចំណោម១១នាក់ ក្នុងបណ្តឹងមោឃភាពនីតិវិធីដែរ ប៉ុន្ដែសំណើនេះត្រូវបានបដិសេធ ។
គួររំលឹកថា លោក មាជ សុវណ្ណារ៉ា និងបក្ខពួកជាប់ចោទពីបទ ” ដឹកនាំកុបកម្ម និង អំពើចូលរួមចលនាកុបកម្ម ” ប្រព្រឹត្តនៅ ចំណុចទីលានប្រជាធិបតេយ្យក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ កន្លងទៅលោក មាជ សុវណ្ណារ៉ា ធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសរយៈពេល២០ឆ្នាំរួចមកហើយចំពោះបទល្មើសនេះ ដែល បច្ចុប្បន្នសំណុំរឿងនេះកំពុងស្ថិតក្រោមចំណាត់ការរបស់សាលាឧទ្ធរណ៍៕ ចាន់ ធឿន







